គម្ពីរសញ្ញាថ្មី

២ ពេត្រុស 2:5-13 Khmer Christian Bible (KCB)

5. ហើយ​បើ​ព្រះអង្គ​មិន​បាន​អត់ឱន​ឲ្យ​ពិភព​លោក​ជំនាន់​មុន​ នៅ​ពេល​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លិច​ពិភពលោក​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​ព្រះអង្គ​សង្គ្រោះ​លោក​ណូអេ​ដែល​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត​ និង​មនុស្ស​ប្រាំពីរ​នាក់​ទៀត​

6. បើ​ព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ​ ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​

7. ហើយ​បើ​ព្រះអង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ដែល​ព្រួយ​ចិត្ត​ ដោយ​ព្រោះ​អំពើ​ល្មោភកាម​របស់​មនុស្ស​ថោកទាប​

8. (ព្រោះ​មនុស្ស​សុចរិត​នោះ​បាន​រស់នៅ​ក្នុង​ចំណោម​ពួកគេ​ ក៏​ធ្វើ​ឲ្យ​ព្រលឹង​ដ៏​សុច្ចរិត​របស់​គាត់​ឈឺចាប់​ជា​រៀង​រាល់ថ្ងៃ​ ដោយ​ព្រោះ​បាន​ឮ​ និង​បាន​ឃើញ​អំពើ​អាក្រក់​របស់​ពួកគេ)​

9. ដូច្នេះ​ ព្រះ​អម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​ ហើយ​ឃុំ​មនុស្ស​ទុច្ចរិត​ ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ​ដែរ​

10. ជា​ពិសេស​ ពួកអ្នក​ដែល​ដេញ​តាម​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ស្មោកគ្រោក​ខា​ងសាច់ឈាម​ ហើយ​មើលងាយ​អំណាច​គ្រប់គ្រង។​ ពួកគេ​ព្រហើន​ ហើយ​ធ្វើ​តាម​ទំនើងចិត្ដ មិន​ញញើត​នឹង​ប្រមាថ​ពួកអ្នក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ឡើយ​

11. ទោះបី​ពួក​ទេវតា​ដែល​មាន​កម្លាំង​ និង​អំណាច​ធំ​ជាង​ពួកគេ​ក៏​ដោយ​ ក៏​មិន​ហ៊ាន​ចោទ​ប្រកាន់​ប្រមាថ​ពួកអ្នក​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ព្រះអម្ចាស់​ដែរ។​

12. ប៉ុន្ដែ​មនុស្ស​ទាំង​នេះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ​ទេ​ កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់​ និង​សម្លាប់​តែ​ប៉ុណ្ណោះ​ គេ​ប្រមាថ​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់។​ សត្វ​តិរច្ឆាន​វិនាស​ជា​យ៉ាងណា​ ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាង​នោះ​ដែរ​

13. ហើយ​ទទួល​បាន​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។​ ពួកគេ​ចាត់​ទុក​សេចក្ដី​ស្រើបស្រាល​ទាំង​ថ្ងៃ​ ជា​ការ​សប្បាយ។​ ពួកគេ​ជា​ស្នាម​ប្រឡាក់​ ជា​សេចក្ដី​ស្មោកគ្រោក ហើយ​ពេល​ពួកគេ​ស៊ីលៀង​ជាមួយ​អ្នក​រាល់គ្នា​ ពួកគេ​សប្បាយ​នៅ​ក្នុង​ការ​បោកបញ្ឆោត​របស់​ខ្លួន​

សូមអានជំពូកពេញលេញ ២ ពេត្រុស 2