គម្ពីរសញ្ញាថ្មី

២ ពេត្រុស 2:16-22 Khmer Christian Bible (KCB)

16. ដូច្នេះ​ គាត់​បាន​ទទួល​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​បំពាន​របស់​ខ្លួន​ គឺ​សត្វលា​ដែល​មិន​ចេះ​និយាយ​បាន​និយាយ​ភាសា​មនុស្ស​រារាំង​ភាព​ចម្កួត​របស់​អ្នក​នាំ​ព្រះបន្ទូល​នោះ។​

17. មនុស្ស​ទាំង​នេះ​ជា​ប្រភព​ទឹក​រីងស្ងួត​ ជា​ពពក​ដែល​ព្យុះ​បាន​បក់ផាត់​ ហើយ​សេចក្ដី​ងងឹត​សូន្យសុង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ​ហើយ។​

18. ដ្បិត​ពួកគេ​និយាយ​ពាក្យ​អួតអាង​ឥត​ប្រយោជន៍​ ហើយ​ទាក់ទាញ​អស់​អ្នក​ដែល​ទើប​តែ​រួចចេញ​ពី​ពួកអ្នក​រស់នៅ​ក្នុង​សេចក្ដី​វង្វេង​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ និង​ការ​ល្មោភកាម​

19. ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរីភាព​ ប៉ុន្ដែ​ខ្លួន​ពួកគេ​ផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដី​ពុករលួយ​ ដ្បិត​អ្នកណា​ដែល​ត្រូវគេ​បង្ក្រាប​បាន​ អ្នក​នោះ​នឹង​ត្រលប់​ជា​ទាសករ​របស់​អ្នក​ដែល​បង្ក្រាប​ខ្លួន​នោះ​ហើយ។​

20. ដ្បិត​បើ​ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​ដោយ​ការ​ស្គាល់ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ប៉ុន្ដែ​បែរ​ជាទៅ​ជាប់​ជំពាក់​នឹង​សេចក្ដី​ទាំង​នោះ​ម្ដងទៀត​ ហើយ​ឲ្យ​សេចក្ដី​ទាំង​នោះ​បង្ក្រាប​ពួកគេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​ នឹង​ត្រលប់​ជា​អាក្រក់​ជាងមុន​ទៅ​ទៀត។​

21. ដ្បិត​សម្រាប់​ពួកគេ​ បើ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ នោះ​ប្រសើរ​ជាង​ស្គាល់​ ហើយ​បែរ​ចេញពី​បញ្ញត្ដិ​បរិសុទ្ធ​ ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ។​

22. ការ​ដែល​កើត​ឡើង​ចំពោះ​ពួកគេ​ គឺ​ដូច​សុភាសិត​ពិត​មួយ​ពោល​ថា​ ឆ្កែ​បាន​ត្រលប់​ទៅ​រក​កម្អួត​របស់​វា​ ឯ​មេជ្រូក​ដែល​លាង​ស្អាត​ហើយ​ បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ‍។​

សូមអានជំពូកពេញលេញ ២ ពេត្រុស 2