គម្ពីរសញ្ញាថ្មី

២ ពេត្រុស 2:1-7 Khmer Christian Bible (KCB)

1. ដូច​ដែល​ធ្លាប់​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ជា​យ៉ាង​ណា​ នោះ​ក៏​នឹង​មាន​គ្រូ​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​យ៉ាង​នោះដែរ​ ពួកគេនឹង​នាំ​សេចក្ដី​បង្រៀន​ដែល​នាំ​ឲ្យ​ហិន​វិនាស​ចូល​មក​ដោយ​សំងាត់​ ពួកគេ​បដិសេធ​សូម្បី​តែ​ព្រះអម្ចាស់​ដែល​បាន​លោះ​ពួកគេ​ ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់ហន់​មក​លើ​ខ្លួន​ឯង​ទៀត​ផង។​

2. មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​អំពើ​ល្មោភកាម​របស់​ពួកគេ​ ហើយ​ផ្លូវ​នៃ​សេចក្ដី​ពិត​នឹង​ត្រូវ​ប្រមាថ​ដោយ​ព្រោះ​តែ​ពួកគេ​

3. ដោយ​សារ​សេចក្ដី​លោភ​លន់​របស់​ពួកគេ​ នោះ​ពួកគេ​នឹង​កេង​ចំណេញ​ពី​អ្នក​រាល់គ្នា​ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត​ រី​ឯ​សេចក្ដី​ជំនុំ​ជម្រះ​សម្រាប់​ពួកគេ​ ដែល​មាន​យូរ​មក​ហើយ​នោះ​មិន​នៅ​ស្ងៀម​ឡើយ​ ហើយ​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។​

4. ដ្បិត​បើ​ព្រះជាម្ចាស់​មិន​បាន​អត់​ឱន​ឲ្យ​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប​ទេ​ ប៉ុន្ដែ​បាន​ទម្លាក់​ពួកគេ​ទៅ​ក្នុង​ស្ថាននរក​ ហើយ​បាន​ប្រគល់​ឲ្យ​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត​ ដើម្បី​ជំនុំជម្រះ​

5. ហើយ​បើ​ព្រះអង្គ​មិន​បាន​អត់ឱន​ឲ្យ​ពិភព​លោក​ជំនាន់​មុន​ នៅ​ពេល​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លិច​ពិភពលោក​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​ព្រះអង្គ​សង្គ្រោះ​លោក​ណូអេ​ដែល​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត​ និង​មនុស្ស​ប្រាំពីរ​នាក់​ទៀត​

6. បើ​ព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ​ ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​

7. ហើយ​បើ​ព្រះអង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ដែល​ព្រួយ​ចិត្ត​ ដោយ​ព្រោះ​អំពើ​ល្មោភកាម​របស់​មនុស្ស​ថោកទាប​

សូមអានជំពូកពេញលេញ ២ ពេត្រុស 2