5. ហេតុនេះហើយ អ្នករាល់គ្នាត្រូវខំប្រឹងឲ្យអស់ពីសម្ថភាព ដើម្បីបន្ថែមសេចក្ដីល្អទៅលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះជាម្ចាស់ទៅលើសេចក្ដីល្អនោះ
6. បន្ថែមការគ្រប់គ្រងចិត្តទៅលើការស្គាល់ព្រះជាម្ចាស់ បន្ថែមការអត់ធ្មត់ទៅលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពកោតខ្លាចព្រះជាម្ចាស់ទៅលើការអត់ធ្មត់
7. បន្ថែមសេចក្ដីស្រឡាញ់ជាបងប្អូនទៅលើការគោរពកោតខ្លាចព្រះជាម្ចាស់ ហើយបន្ថែមសេចក្ដីស្រឡាញ់ទៅលើសេចក្ដីស្រឡាញ់ជាបងប្អូន
8. ដ្បិតបើសេចក្ដីទាំងនេះបានកើនឡើងនៅក្នុងអ្នករាល់គ្នា មិនធ្វើឲ្យអ្នករាល់គ្នាជាមនុស្សខ្ជិលច្រអូស ឬគ្មានផលផ្លែក្នុងការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងឡើយ
9. ព្រោះអ្នកណាដែលគ្មានសេចក្ដីទាំងនេះ អ្នកនោះជាមនុស្សខ្វាក់ ឬជាមនុស្សមើលមិនបានឆ្ងាយ ហើយភ្លេចថា ព្រះជាម្ចាស់បានសំអាតពួកគេឲ្យបានរួចពីបាបកាលពីមុនហើយ។
10. ដូច្នេះ បងប្អូនអើយ! ចូរមានចិត្ដសង្វាត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់អ្នករាល់គ្នាប្រាកដប្រជា ដ្បិតបើប្រព្រឹត្ដសេចក្ដីទាំងនេះ នោះអ្នករាល់គ្នានឹងមិនជំពប់ដួលសោះឡើយ
11. ហើយអ្នករាល់គ្នានឹងទទួលបានសិទ្ធិពេញលេញចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។
12. ហេតុនេះហើយ ខ្ញុំនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងនេះជានិច្ច ទោះបីអ្នករាល់គ្នាបានស្គាល់ ព្រមទាំងបានមាំមួនឡើងនៅក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយនេះក៏ដោយ។
13. ដរាបណាខ្ញុំស្ថិតនៅក្នុងរោងនេះនៅឡើយ នោះខ្ញុំយល់ឃើញថាជាការត្រឹមត្រូវណាស់ ដែលត្រូវរំលឹក និងដាស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង
14. ដោយដឹងថា ខ្ញុំនឹងដោះរោងនេះចេញនៅក្នុងពេលឆាប់ៗនេះ ដូចដែលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងបានបង្ហាញឲ្យខ្ញុំឃើញច្បាស់
15. ខ្ញុំនឹងខ្នះខ្នែង ដើម្បីឲ្យក្រោយពេលខ្ញុំចាកចេញពីលោកនេះ អ្នករាល់គ្នានៅតែចងចាំពីសេចក្ដីទាំងនេះគ្រប់ពេលវេលាជានិច្ច។
16. ដ្បិតការដែលយើងប្រាប់អ្នករាល់គ្នាឲ្យដឹងព្រះចេស្ដា និងការយាងមករបស់ព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់យើងនេះ មិនបានតាមរឿងព្រេងដែលគេប្រឌិតយ៉ាងប៉ិនប្រសប់នោះទេ ប៉ុន្ដែយើងជាសាក្សីផ្ទាល់ភ្នែកដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គ។
17. ដ្បិតពេលដែលព្រះអង្គបានទទួលកិត្ដិយស និងសិរីរុងរឿងពីព្រះជាម្ចាស់ដ៏ជាព្រះវរបិតា នោះក៏មានសំឡេងមួយចេញមកពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមានបន្ទូលមកកាន់ព្រះអង្គថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងបុត្រនេះណាស់»។
18. យើងបានឮសំឡេងនេះចេញពីស្ថានសួគ៌មក នៅពេលយើងនៅលើភ្នំបរិសុទ្ធជាមួយព្រះអង្គ។
19. យើងមានពាក្យរបស់អ្នកនាំព្រះបន្ទូលដ៏ប្រាកដប្រជា ហើយអ្នករាល់គ្នាយកចិត្ដទុកដាក់ស្ដាប់យ៉ាងល្អទុកជាចង្កៀងបំភ្លឺនៅទីងងឹតរហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងនៅក្នុងចិត្ដអ្នករាល់គ្នា។
20. ជាបឋមត្រូវដឹងថា គ្រប់ទាំងការថ្លែងព្រះបន្ទូលនៅក្នុងបទគម្ពីរមិនមែនជាការបកស្រាយផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ឡើយ
21. ដ្បិតការថ្លែងព្រះបន្ទូលមិនមែនចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមដែលព្រះវិញ្ញាណបណ្ដាល។