1. ខ្ញុំ ស៊ីម៉ូនពេត្រុស ជាបាវបម្រើ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ដ ជូនចំពោះពួកអ្នកដែលបានទទួលជំនឿដ៏មានតម្លៃដូចជាជំនឿរបស់យើងដែរ តាមរយៈសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូគ្រិស្ដជាព្រះអង្គសង្គ្រោះរបស់យើង។
2. ដោយសារអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់ និងព្រះយេស៊ូជាព្រះអម្ចាស់របស់យើង សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
3. ដ្បិតព្រះចេស្ដារបស់ព្រះជាម្ចាស់ប្រទានឲ្យយើងមានអ្វីៗទាំងអស់សម្រាប់ជីវិត និងការគោរពកោតខ្លាចព្រះជាម្ចាស់ តាមរយៈការស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើងឲ្យមកឯសិរីរុងរឿង និងសេចក្ដីល្អរបស់ព្រះអង្គផ្ទាល់
4. ហើយដោយសារសេចក្ដីទាំងនោះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេសអស្ចារ្យដល់យើង ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានចំណែកនៅក្នុងលក្ខណៈរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដីសន្យាទាំងនោះ ព្រមទាំងរួចផុតពីសេចក្ដីពុករលួយនៅក្នុងលោកិយនេះ ដែលកើតពីសេចក្ដីប៉ងប្រាថ្នា។
5. ហេតុនេះហើយ អ្នករាល់គ្នាត្រូវខំប្រឹងឲ្យអស់ពីសម្ថភាព ដើម្បីបន្ថែមសេចក្ដីល្អទៅលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះជាម្ចាស់ទៅលើសេចក្ដីល្អនោះ
6. បន្ថែមការគ្រប់គ្រងចិត្តទៅលើការស្គាល់ព្រះជាម្ចាស់ បន្ថែមការអត់ធ្មត់ទៅលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពកោតខ្លាចព្រះជាម្ចាស់ទៅលើការអត់ធ្មត់
7. បន្ថែមសេចក្ដីស្រឡាញ់ជាបងប្អូនទៅលើការគោរពកោតខ្លាចព្រះជាម្ចាស់ ហើយបន្ថែមសេចក្ដីស្រឡាញ់ទៅលើសេចក្ដីស្រឡាញ់ជាបងប្អូន
8. ដ្បិតបើសេចក្ដីទាំងនេះបានកើនឡើងនៅក្នុងអ្នករាល់គ្នា មិនធ្វើឲ្យអ្នករាល់គ្នាជាមនុស្សខ្ជិលច្រអូស ឬគ្មានផលផ្លែក្នុងការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងឡើយ
9. ព្រោះអ្នកណាដែលគ្មានសេចក្ដីទាំងនេះ អ្នកនោះជាមនុស្សខ្វាក់ ឬជាមនុស្សមើលមិនបានឆ្ងាយ ហើយភ្លេចថា ព្រះជាម្ចាស់បានសំអាតពួកគេឲ្យបានរួចពីបាបកាលពីមុនហើយ។
10. ដូច្នេះ បងប្អូនអើយ! ចូរមានចិត្ដសង្វាត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់អ្នករាល់គ្នាប្រាកដប្រជា ដ្បិតបើប្រព្រឹត្ដសេចក្ដីទាំងនេះ នោះអ្នករាល់គ្នានឹងមិនជំពប់ដួលសោះឡើយ
11. ហើយអ្នករាល់គ្នានឹងទទួលបានសិទ្ធិពេញលេញចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។
12. ហេតុនេះហើយ ខ្ញុំនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងនេះជានិច្ច ទោះបីអ្នករាល់គ្នាបានស្គាល់ ព្រមទាំងបានមាំមួនឡើងនៅក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយនេះក៏ដោយ។