7. ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការប្រណាំងរបស់ខ្ញុំ ហើយខ្ញុំក៏បានរក្សាជំនឿដែរ។
8. ពីពេលនេះតទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតនឹងប្រទានឲ្យខ្ញុំនៅថ្ងៃនោះ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គដែរ។
9. ចូរព្យាយាមមកឯខ្ញុំជាប្រញាប់
10. ដ្បិតលោកដេម៉ាសបានបោះបង់ខ្ញុំចោលហើយ គាត់បានទៅឯក្រុងថែស្សាឡូនិចដោយព្រោះគាត់ស្រឡាញ់លោកិយនេះ។ លោកក្រេសេនទៅស្រុកកាឡាទី ទីតុសទៅស្រុកដាល់ម៉ាទា
11. មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ សូមនាំម៉ាកុសមកជាមួយផង ដ្បិតគាត់មានប្រយោជន៍សម្រាប់ខ្ញុំនៅក្នុងមុខងារបម្រើ
12. រីឯលោកទីឃីកុសវិញ ខ្ញុំបានចាត់ឲ្យទៅឯក្រុងអេភេសូរ។
13. ពេលអ្នកមក សូមយកអាវធំដែលខ្ញុំទុកនឹងលោកការពូសនៅក្រុងទ្រអាសមកជាមួយផង ព្រមទាំងសៀវភៅទាំងឡាយដែរ ជាពិសេសសៀវភៅធ្វើពីស្បែក។
14. លោកអ័លេក្សានត្រុសជាជាងស្ពាន់បានប្រព្រឹត្តអាក្រក់ច្រើនណាស់មកលើខ្ញុំ ព្រះអម្ចាស់នឹងសងដល់គាត់តាមអំពើដែលគាត់បានប្រព្រឹត្តមិនខាន
15. ចូរអ្នកប្រយ័ត្ននឹងគាត់ដែរចុះ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្តីដែលយើងប្រកាស។
16. ពេលដែលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាគាំទ្រខ្ញុំទេ គឺពួកគេបានបោះបង់ខ្ញុំចោលទាំងអស់គ្នា សូមកុំឲ្យពួកគេជាប់ទោសដោយសារការនោះឡើយ។
17. ប៉ុន្ដែព្រះអម្ចាស់បានគង់ជាមួយខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យដំណឹងល្អបានប្រកាសសព្វគ្រប់ និងដើម្បីឲ្យសាសន៍ដទៃទាំងអស់បានឮតាមរយៈខ្ញុំ ហើយព្រះអង្គបានសង្គ្រោះខ្ញុំឲ្យរួចពីមាត់តោ។
18. ព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងនាំខ្ញុំចូលទៅក្នុងនគរស្ថានសួគ៌របស់ព្រះអង្គដោយសុវត្ថិភាព សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។
19. សូមជម្រាបសួរដល់នាងព្រីសីល និងលោកអ័គីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ិភ័រផងដែរ។
20. លោកអេរ៉ាស្ទុសស្នាក់នៅក្រុងកូរិនថូស រីឯលោកទ្រភីម ខ្ញុំបានទុកឲ្យនៅក្រុងមីលេត ព្រោះគាត់ឈឺ។
21. ចូរអ្នកព្យាយាមមកឲ្យបានមុនរដូវរងារ។ លោកអ៊ើប៊ូឡុស លោកពូដេន លោកលីណុស និងនាងក្លូឌា ព្រមទាំងបងប្អូនទាំងអស់ក៏ជម្រាបសួរមកអ្នកដែរ។