គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 2:19-26 Khmer Christian Bible (KCB)

19. ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ គ្រឹះ​ដ៏​រឹងមាំ​របស់​ព្រះជាម្ចាស់​នៅ​ស្ថិតស្ថេរ​ដរាប​ ដោយ​មាន​អក្សរ​ចារឹក​ដូច្នេះ​ថា​ ព្រះអម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះអង្គ​ និង​ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់​ចាក​ចេញ​ពី​សេចក្ដី​ទុច្ចរិត។​

20. នៅ​ក្នុង​ផ្ទះ​ដ៏​ធំ​មួយ​ មិន​មែន​មាន​សុទ្ធ​តែ​ប្រដាប់​ប្រដា​ធ្វើ​អំពី​មាស​ ឬ​ប្រាក់​ប៉ុណ្ណោះ​ទេ​ គឺ​មាន​ប្រដាប់​ប្រដា​ធ្វើ​អំពី​ឈើ​ និង​ដី​ផង​ដែរ​ ប្រដាប់​ប្រដា​ខ្លះ​សម្រាប់​សេចក្តី​ថ្លៃថ្នូរ​ ហើយ​ខ្លះ​ទៀត​សម្រាប់​សេចក្តី​អាប់ឱន។​

21. ដូច្នេះ​ បើ​អ្នកណា​ជម្រះ​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​ត្រលប់​ជា​ប្រដាប់​ប្រដា​សម្រាប់​សេចក្ដី​ថ្លៃថ្នូរ​ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ ហើយ​មាន​ប្រយោជន៍​ដល់​ម្ចាស់​ ជា​ប្រដាប់​ប្រដា​ដែល​រៀប​ចំ​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​យ៉ាង។​

22. ដូច្នេះ​ ចូរ​រត់​គេច​ពី​សេចក្ដី​ស្រើបស្រាល​របស់​យុវវ័យ​ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត​ ជំនឿ​ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​ជាមួយ​ពួកអ្នក​ដែល​អំពាវ​នាវ​ដល់​ព្រះអម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ។​

23. ចូរ​ចៀសវាង​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​ និង​លេលា​ដោយ​ដឹង​ថា​ សេចក្ដី​ទាំង​នោះ​បង្ក​ឲ្យ​មាន​ជម្លោះ​តែ​ប៉ុណ្ណោះ។​

24. បាវបម្រើ​របស់​ព្រះអម្ចាស់​មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​ទេ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​មាន​ចិត្ដ​សុភាព​រាបសារ​ចំពោះ​មនុស្ស​ទាំង​អស់​ ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន​ មាន​ចិត្ត​អត់ធ្មត់​

25. និង​ប្រដៅ​ពួក​ប្រឆាំង​ដោយ​ចិត្ដ​សុភាព​ ក្រែង​លោ​ព្រះជាម្ចាស់​បណ្ដាល​ឲ្យ​គេ​ប្រែ​ចិត្ត​ស្គាល់​សេចក្ដី​ពិត​

26. ហើយ​ភ្ញាក់​ខ្លួន​ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្ស​សាតាំង​ដែល​វា​ចាប់​គេ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។​

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 2