គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 1:2-11 Khmer Christian Bible (KCB)

2. ជូន​ចំពោះ​ធីម៉ូថេ​ជា​កូន​ជា​ទី​ស្រឡាញ់។​ សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ប្រទាន​ព្រះគុណ​ សេចក្ដី​មេត្តា​ករុណា​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។​

3. ខ្ញុំ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​បម្រើ​ដោយ​មនសិការ​បរិសុទ្ធ​ដូច​ជា​ពួក​បុព្វបុរស​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​តែងតែ​នឹកចាំ​ពី​អ្នក​ជានិច្ច​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ទាំង​យប់​ ទាំង​ថ្ងៃ​

4. គឺ​នឹកចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក​ ហើយ​ចង់​ជួប​អ្នក​ខ្លាំង​ណាស់​ ដើម្បី​ឲ្យ​ខ្ញុំ​ពេញ​ដោយ​អំណរ។​

5. ខ្ញុំ​នឹកចាំ​ពី​ជំនឿ​ដ៏​ឥត​ពុតត្បុត​ដែល​មាន​នៅ​ក្នុង​អ្នក​ ដែល​មុន​ដំបូង​ជំនឿ​នោះ​ស្ថិត​នៅ​ក្នុង​ឡូអ៊ីស​ជា​ជីដូន​របស់​អ្នក​ បន្ទាប់​មក​នៅ​ក្នុង​អ៊ើនីស​ជា​ម្តាយ​របស់​អ្នក​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ ជំនឿ​នោះ​ក៏​នៅ​ក្នុង​អ្នក​ដែរ។​

6. ហេតុ​នេះ​ហើយ​ខ្ញុំ​រំឮក​អ្នក​ថា​ ចូរ​ធ្វើ​ឲ្យ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដែល​មាន​នៅ​ក្នុង​អ្នក​តាមរយៈ​ការ​ដាក់​ដៃ​របស់​ខ្ញុំ​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ។​

7. ដ្បិត​ព្រះជាម្ចាស់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​ភ័យខ្លាច​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​វិញ្ញាណ​ដែល​មាន​កម្លាំង​ សេចក្ដី​ស្រឡាញ់​ និង​គំនិត​នឹងធឹង។​

8. ដូច្នេះ​ មិន​ត្រូវ​ខ្មាស់​ដោយសារ​ទីបន្ទាល់​អំពី​ព្រះអម្ចាស់​របស់​យើង​ ឬ​ដោយសារ​ខ្ញុំ​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះអង្គ​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​រួម​ទុក្ខ​លំបាក​ជាមួយ​ខ្ញុំ​សម្រាប់​ដំណឹង​ល្អ​ដោយ​អំណាច​របស់​ព្រះជាម្ចាស់​

9. ដែល​ព្រះអង្គ​បាន​សង្គ្រោះ​យើង​ ហើយ​បាន​ត្រាស់​ហៅ​យើង​ ដោយ​ការ​ត្រាស់ហៅ​ដ៏​បរិសុទ្ធ​ មិន​មែន​ដោយ​ការ​ប្រព្រឹត្តិ​របស់​យើង​ទេ​ គឺ​ដោយ​គោលបំណង​ និង​ព្រះគុណ​របស់​ព្រះអង្គ​ដែល​បាន​ប្រទាន​ឲ្យ​យើង​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​តាំង​ពី​មុន​អស់កល្ប​ជានិច្ច​ម្ល៉េះ​

10. ហើយ​ឥឡូវ​នេះ​ ព្រះគុណ​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ការ​យាង​មក​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ដែល​បាន​បំផ្លាញ​សេចក្ដី​ស្លាប់​ ហើយ​បាន​បំភ្លឺ​អំពី​ជីវិត​ និង​សេចក្ដី​ដែល​មិន​ចេះ​ស្លាប់​តាមរយៈ​ដំណឹង​ល្អ​

11. ហើយ​សម្រាប់​ដំណឹង​ល្អ​នេះ​ ព្រះអង្គ​បាន​តែងតាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ ជា​សាវក​ ហើយ​ជា​គ្រូ​ផង​

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 1