គម្ពីរសញ្ញាថ្មី

២ ថែស្សាឡូនីច 2:11-17 Khmer Christian Bible (KCB)

11. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ចាត់​ឲ្យ​សេចក្ដី​បោកប្រាស់​ដ៏​មាន​អំណាច​មក​ ដើម្បី​ឲ្យ​ពួកគេ​ជឿ​លើ​សេចក្ដី​ភូតភរ​

12. និង​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មិន​ជឿ​លើ​សេចក្ដី​ពិត​ ប៉ុន្តែ​ពេញ​ចិត្ត​នឹង​សេចក្ដី​ទុច្ចរិត​ត្រូវ​ទទួល​ទោស។​

13. ឱ​ បងប្អូន​ដែល​ព្រះអម្ចាស់​ស្រឡាញ់​អើយ!​ យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ជានិច្ច​ ព្រោះ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ទុក​ជា​ផល​ដំបូង​សម្រាប់​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះវិញ្ញាណ​ញែក​អ្នក​រាល់គ្នា​ជា​បរិសុទ្ធ​ ហើយ​ដោយសារ​អ្នក​រាល់គ្នា​មាន​ជំនឿ​លើ​សេចក្ដី​ពិត។​

14. ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​សម្រាប់​សេចក្ដី​សង្គ្រោះ​នេះ​តាមរយៈ​ដំណឹង​ល្អ​របស់​យើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​សិរី​រុងរឿង​របស់​ព្រះយេស៊ូគ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង។​

15. ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​ឈរ​ឲ្យ​មាំមួន​ ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​បង្រៀន​អ្នក​រាល់គ្នា​ចុះ​ ទោះបី​ដោយ​ពាក្យ​សំដី​ ឬ​សំបុត្រ​ក្ដី។​

16. សូម​ឲ្យ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ ដែល​ព្រះអង្គ​ស្រឡាញ់​យើង​ ព្រមទាំង​ប្រទាន​សេចក្ដី​កម្សាន្ដ​ចិត្ដ​ដ៏​អស់កល្ប​ជានិច្ច​ និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​តាមរយៈ​ព្រះគុណ​

17. លើក​ទឹកចិត្ត​អ្នក​រាល់គ្នា​ ហើយ​ពង្រឹង​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ក្នុង​គ្រប់​កិច្ចការ​ល្អ​ និង​ពាក្យ​សំដី​ផង។​

សូមអានជំពូកពេញលេញ ២ ថែស្សាឡូនីច 2