គម្ពីរសញ្ញាថ្មី

២ ថែស្សាឡូនីច 2:1-9 Khmer Christian Bible (KCB)

1. បងប្អូន​អើយ!​ ចំពោះ​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ និង​ការ​ដែល​យើង​ត្រូវ​ជួបជុំ​គ្នា​នៅ​ចំពោះ​មុខ​របស់​ព្រះអង្គ​នោះ​ យើង​អង្វរ​អ្នក​រាល់គ្នា​ថា​

2. កុំ​ប្រញាប់​ជ្រួល​ច្របល់​ ឬ​ស្លន់ស្លោ​ឡើយ​ ទោះបី​ដោយសារ​វិញ្ញាណ​ណា​ ពាក្យ​សំដី​ណា​ ឬ​សំបុត្រ​ណា​ដែល​ទំនង​ជា​មក​ពី​យើង​ក្ដី​ដែល​ថា​ ថ្ងៃ​របស់​ព្រះអម្ចាស់​បាន​មក​ដល់ហើយ។​

3. កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​បាន​ដោយ​របៀប​ណា​មួយ​ឡើយ​ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ដល់​ឡើយ​ លុះត្រា​តែ​ការ​បះបោរ​ និង​អា​ប្រឆាំង​ច្បាប់​ គឺ​កូន​នៃ​សេចក្ដី​វិនាស​លេច​មក​ជា​មុន​សិន​

4. វា​គឺ​ជា​អ្នក​ប្រឆាំង​ ហើយ​លើក​តម្កើង​ខ្លួន​ខ្ពស់​ជាង​អ្វីៗ​ដែល​គេ​ហៅ​ថា​ព្រះ​ ឬ​អ្វីៗ​ដែល​គេ​ថ្វាយបង្គំ​ផង​ ដូច្នេះ​ហើយ​បាន​ជា​វា​អង្គុយ​ក្នុង​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ ហើយ​តាំង​ខ្លួន​ជា​ព្រះ​ទៀត​ផង។​

5. តើ​អ្នក​រាល់គ្នា​មិន​ចាំ​ថា​ កាល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ទេ​ឬ?​

6. ហើយ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ស្គាល់​អ្វី​ដែល​ឃាត់​វា​ហើយ​ ដើម្បី​ឲ្យ​វា​លេច​មក​តាម​ពេល​កំណត់​របស់​វា។​

7. ដ្បិត​អាថ៌កំបាំង​របស់​ការ​ប្រឆាំង​ច្បាប់​កំពុង​ធ្វើ​សកម្មភាព​ស្រាប់​ហើយ​ គ្រាន់តែ​ឥឡូវ​នេះ​មាន​អ្នក​កំពុង​ឃាត់​វា​ លុះត្រា​តែ​អ្នក​នោះ​ត្រូវ​ដក​ចេញ​

8. ទើប​អា​ប្រឆាំង​ច្បាប់​នោះ​លេច​មក​ ហើយ​ព្រះអម្ចាស់​យេស៊ូ​នឹង​សម្លាប់​វា​ដោយ​ខ្យល់​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ ទាំង​ធ្វើ​ឲ្យ​វា​វិនាស​ដោយ​រស្មី​នៃ​ការ​យាង​មក​របស់​ព្រះអង្គ​

9. អា​ប្រឆាំង​ច្បាប់​នោះ​នឹង​មក​ដោយសារ​អំណាច​របស់​អារក្ស​សាតាំង​ ទាំង​មាន​ឫទ្ធិ​ ទីសំគាល់​ និង​ការ​អស្ចារ្យ​ក្លែងក្លាយ​គ្រប់​បែប​យ៉ាង​

សូមអានជំពូកពេញលេញ ២ ថែស្សាឡូនីច 2