គម្ពីរសញ្ញាថ្មី

២ ថែស្សាឡូនីច 1:1-7 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ ស៊ីលវ៉ាន​ និង​ធីម៉ូថេ​ ជូន​ចំពោះ​ក្រុមជំនុំ​នៅ​ក្រុង​ថែស្សាឡូនីច​ ដែល​នៅ​ក្នុង​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​

2. សូម​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា។​

3. បងប្អូន​អើយ!​ យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច​អំពី​អ្នក​រាល់គ្នា​ ដ្បិត​ជា​ការ​ស័ក្តសម​ណាស់​ ពី​ព្រោះ​ជំនឿ​របស់​អ្នក​រាល់គ្នា​ចម្រើន​ឡើង​យ៉ាង​ខ្លាំង​ ហើយ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ចម្រើន​ឡើង​ដែរ។​

4. ដូច្នេះ​ហើយ​បាន​ជា​យើង​អួត​អំពី​អ្នក​រាល់គ្នា​នៅ​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ជំនឿ​ និង​ការ​ស៊ូទ្រាំ​ ដែល​អ្នក​រាល់គ្នា​មាន​នៅ​ក្នុង​ការ​បៀតបៀន​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង។​

5. នោះ​ជា​ភស្ដុតាង​អំពី​ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រាប់​ជា​ស័ក្តិសម​នឹង​នគរ​របស់​ព្រះជាម្ចាស់​ ដ្បិត​អ្នក​រាល់គ្នា​រងទុក្ខ​ដោយ​ព្រោះ​នគរ​នោះ​ឯង។​

6. ដ្បិត​នេះ​ជា​សេចក្ដីសុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ គឺ​ព្រះអង្គ​នឹង​សង​សេចក្ដី​វេទនា​ដល់​ពួកអ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់គ្នា​វិញ​

7. ហើយ​ឲ្យ​អ្នក​រាល់គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​បាន​សម្រាក​ជាមួយ​យើង​ នៅ​ពេល​ដែល​ព្រះអម្ចាស់​យេស៊ូ​លេច​មក​ពី​ស្ថានសួគ៌​ជាមួយ​ពួក​ទេវតា​ដ៏​មាន​អំណាច​របស់​ព្រះអង្គ​

សូមអានជំពូកពេញលេញ ២ ថែស្សាឡូនីច 1