គម្ពីរសញ្ញាថ្មី

២ កូរិនថូស 9:8-15 Khmer Christian Bible (KCB)

8. ​ព្រះជាម្ចាស់​អាច​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ឡើង​ដល់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ភាព​គ្រប់គ្រាន់​ជានិច្ច​ ​នៅ​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ ព្រមទាំង​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​នៅ​ក្នុង​ការ​ល្អ​គ្រប់​ជំពូក​

9. ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «គាត់​បាន​ចែកចាយ​ គាត់​បាន​ឲ្យ​ទាន​ដល់​ពួកអ្នក​ក្រ​ ហើយ​សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច»​

10. រីឯ​ព្រះ​ដែល​ផ្គត់ផ្គង់​គ្រាប់​ពូជ​ដល់​អ្នក​ព្រោះ​ពូជ​ ព្រមទាំង​អាហារ​សម្រាប់​បរិភោគ​ផង​ ព្រះអង្គ​នឹង​ផ្គត់ផ្គង់​ ហើយ​ធ្វើ​ឲ្យ​គ្រាប់​ពូជ​របស់​អ្នក​រាល់គ្នា​មាន​ច្រើន​ឡើងៗ​ និង​ធ្វើ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​បាន​កើន​ច្រើន​ឡើង​

11. ព្រមទាំង​ឲ្យ​អ្នក​រាល់គ្នា​ចម្រុង​ចម្រើន​ក្នុង​គ្រប់​ការ​ទាំង​អស់​ សម្រាប់​សេចក្ដី​សប្បុរស​គ្រប់​បែប​យ៉ាង​ ដែល​ធ្វើ​ឲ្យ​មាន​ការ​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​តាមរយៈ​យើង​

12. ព្រោះ​ការ​ឧបត្ថម្ភ​ជំនួយ​នេះ​មិន​ត្រឹមតែ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ​ គឺ​កាន់តែ​ចម្រើន​ឡើង​តាមរយៈ​ការ​អរ​ព្រះ​គុណ​ជាច្រើន​ដល់​ព្រះជាម្ចាស់​ទៀត​ផង។​

13. តាមរយៈ​ភស្ដុតាង​នៃ​ការ​ឧបត្ថម្ភ​នេះ​ ពួកគេ​នឹង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ចុះចូល​ចំពោះ​ការ​ប្រកាស​របស់​អ្នក​រាល់គ្នា​អំពី​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ និង​ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ការ​បរិច្ចាគ​សម្រាប់​ពួកគេ​ និងមនុស្ស​ទាំង​អស់​

14. ហើយ​នៅ​ក្នុង​ការ​ទូលអង្វរ​របស់​ពួកគេ​សម្រាប់​អ្នក​រាល់គ្នា​ ពួកគេ​ស្រឡាញ់​អ្នក​រាល់គ្នា​យ៉ាង​ខ្លាំង​ ដោយ​ព្រោះ​ព្រះគុណ​ដ៏​លើសលប់​របស់​ព្រះជាម្ចាស់​ដែល​នៅ​លើ​អ្នក​រាល់គ្នា។​

15. សូម​អរព្រះគុណ​ព្រះជាម្ចាស់​ចំពោះ​អំណោយទាន​ដ៏​រក​ថ្លែង​ពុំ​បាន​របស់​ព្រះអង្គ។​

សូមអានជំពូកពេញលេញ ២ កូរិនថូស 9