5. ហើយហួសពីការស្មានរបស់យើង មុនដំបូងពួកគេបានថ្វាយខ្លួនដល់ព្រះអម្ចាស់ បន្ទាប់មកដល់យើងដែរ តាមបំណងរបស់ព្រះជាម្ចាស់។
6. ដូច្នេះហើយ យើងក៏ដាស់តឿនលោកទីតុសឲ្យបង្ហើយការប្រមូលជំនួយនេះ ដែលគាត់បានចាប់ផ្ដើមធ្វើនៅក្នុងចំណោមអ្នករាល់គ្នាពីមុនហើយ។
7. ដូចដែលអ្នករាល់គ្នាបានចម្រើនឡើងនៅក្នុងកិច្ចការទាំងឡាយ គឺទាំងនៅក្នុងជំនឿ ពាក្យសំដី ចំណេះដឹង និងសេចក្ដីឧស្សាហ៍ទាំងអស់ ព្រមទាំងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះយើងជាយ៉ាងណា នោះនៅក្នុងការប្រមូលជំនួយនេះ ចូរឲ្យអ្នករាល់គ្នាចម្រើនឡើងជាយ៉ាងនោះដែរ
8. ខ្ញុំមិនមែននិយាយបែបបង្គាប់ទេ ប៉ុន្ដែដើម្បីពិសោធសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់អ្នករាល់គ្នា តាមរយៈសេចក្ដីឧស្សាហ៍របស់អ្នកដទៃវិញ។
9. ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងហើយ គឺថា ទោះបីព្រះអង្គជាអ្នកមានក៏ដោយ ក៏ព្រះអង្គបានត្រលប់ជាអ្នកក្រដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានដោយសារភាពក្ររបស់ព្រះអង្គ។
10. ខ្ញុំសូមផ្ដល់យោបល់នៅក្នុងរឿងនេះចុះ ដោយព្រោះការនេះជាប្រយោជន៍ដល់អ្នករាល់គ្នា ដែលមិនគ្រាន់តែចាប់ផ្ដើមធ្វើការនេះតាំងពីឆ្នាំមុនមកទេ ថែមទាំងចង់ធ្វើទៀតផង
11. ដូច្នេះ ឥឡូវនេះ ចូរបំពេញកិច្ចការនេះចុះ គឺអ្នករាល់គ្នាមានចិត្ដសង្វាតចង់ធ្វើជាយ៉ាងណា ក៏បំពេញជាយ៉ាងនោះចុះ ទៅតាមអ្វីដែលអ្នករាល់គ្នាមាន។
12. ដ្បិតបើមានចិត្តសង្វាតមែន នោះអាចទទួលយកបានហើយ គឺតាមអ្វីដែលអ្នកនោះមាន មិនមែនតាមអ្វីដែលអ្នកនោះគ្មានទេ
13. ប៉ុន្ដែមិនមែនឲ្យអ្នកផ្សេងមានភាពធូរស្បើយ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីវេទនានោះទេ ផ្ទុយទៅវិញឲ្យស្មើភាពគ្នា
14. គឺនៅពេលបច្ចុប្បន្ននេះ ឲ្យភាពហូរហៀររបស់អ្នករាល់គ្នាផ្គត់ផ្គង់ដល់ភាពខ្វះខាតរបស់អ្នកទាំងនោះ ដើម្បីឲ្យភាពហូរហៀររបស់អ្នកទាំងនោះអាចនឹងផ្គត់ផ្គង់ដល់ភាពខ្វះខាតរបស់អ្នករាល់គ្នាវិញ ដូច្នេះទើបស្មើភាពគ្នា
15. ដូចមានសេចក្ដីចែងទុកថា៖ «អ្នកដែលប្រមូលបានច្រើន ក៏មិនមានច្រើនណាស់ណា ឯអ្នកដែលប្រមូលបានតិច ក៏មិនខ្វះដែរ»។