គម្ពីរសញ្ញាថ្មី

២ កូរិនថូស 8:1-11 Khmer Christian Bible (KCB)

1. បងប្អូន​អើយ!​ យើង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យដឹង​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​ម៉ាសេដូន​

2. ថា​ ក្នុង​ពេល​មាន​ការល្បង​យ៉ាង​ខ្លាំង​តាមរយៈ​សេចក្ដី​វេទនា​ ​ភាព​ហូរហៀរ​នៃ​អំណរ​ និង​ភាព​ក្រ​តោកយ៉ាក​របស់​ពួកគេ​ក៏​បង្ហូរ​ចេញ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​

3. ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ថា​ ពួកគេ​ស្ម័គ្រ​ចិត្ដ​តាម​សមត្ថភាព​របស់​ពួកគេ​ និង​ហួស​ពី​សមត្ថភាព​របស់​ពួកគេ​ទៅ​ទៀត​

4. ពួកគេ​សូម​អង្វរ​យើង​យ៉ាង​ទទូច​ ដើម្បី​អនុគ្រោះ​ឲ្យ​ពួកគេ​មាន​ចំណែក​នៅ​ក្នុង​ការ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ​

5. ហើយ​ហួស​ពី​ការ​ស្មាន​របស់​យើង​ ​មុន​ដំបូង​ពួកគេ​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះអម្ចាស់​ បន្ទាប់​មក​ដល់​យើងដែរ​ តាម​បំណង​របស់​ព្រះជាម្ចាស់។​

6. ដូច្នេះ​ហើយ​ យើង​ក៏​ដាស់តឿន​លោក​ទីតុស​ឲ្យ​បង្ហើយ​ការ​ប្រមូល​ជំនួយ​នេះ​ ដែល​គាត់​បាន​ចាប់ផ្ដើម​ធ្វើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ពីមុន​ហើយ។​

7. ដូច​ដែល​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​នៅ​ក្នុង​កិច្ចការ​ទាំងឡាយ​ គឺទាំង​នៅ​ក្នុង​ជំនឿ​ ពាក្យ​សំដី​ ចំណេះ​ដឹង​ និង​សេចក្ដី​ឧស្សាហ៍​ទាំង​អស់​ ព្រមទាំង​សេចក្ដី​ស្រឡាញ់​ដែលអ្នក​រាល់គ្នាមាន​ចំពោះ​យើង​ជា​យ៉ាង​ណា​ នោះ​នៅ​ក្នុង​ការ​ប្រមូល​ជំនួយ​នេះ​ ​ចូរ​ឲ្យ​អ្នក​រាល់គ្នា​ចម្រើន​ឡើង​ជា​យ៉ាង​នោះ​ដែរ​

8. ខ្ញុំ​មិន​មែន​និយាយ​បែប​បង្គាប់​ទេ​ ប៉ុន្ដែ​ដើម្បី​ពិសោធ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ តាមរយៈ​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​ដទៃ​វិញ។​

9. ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ហើយ​ គឺ​ថា​ ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ​ ក៏​ព្រះអង្គ​បាន​ត្រលប់​ជា​អ្នក​ក្រ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។​

10. ខ្ញុំ​សូម​ផ្ដល់​យោបល់​នៅ​ក្នុង​រឿង​នេះ​ចុះ​ ដោយ​ព្រោះ​ការ​នេះជា​ប្រយោជន៍​ដល់​អ្នក​រាល់គ្នា​ ដែល​មិន​គ្រាន់​តែ​ចាប់ផ្ដើម​ធ្វើ​ការ​នេះ​តាំង​ពី​ឆ្នាំ​មុន​មកទេ​ ថែម​ទាំង​ចង់​ធ្វើ​ទៀត​ផង​

11. ដូច្នេះ​ ឥឡូវ​នេះ​ ​ចូរ​បំពេញ​កិច្ចការ​នេះ​ចុះ​ គឺ​អ្នក​រាល់គ្នា​មាន​ចិត្ដ​សង្វាត​ចង់​ធ្វើ​ជា​យ៉ាង​ណា​ ក៏​បំពេញ​ជា​យ៉ាង​នោះ​ចុះ​ ទៅ​តាម​អ្វី​ដែល​អ្នក​រាល់គ្នា​មាន។​

សូមអានជំពូកពេញលេញ ២ កូរិនថូស 8