គម្ពីរសញ្ញាថ្មី

២ កូរិនថូស 5:2-13 Khmer Christian Bible (KCB)

2. ដ្បិត​នៅ​ក្នុង​លំនៅ​នេះ​ យើង​ថ្ងូរ​ចង់​ពាក់​លំនៅ​របស់​យើង​ដែល​មក​ពី​ស្ថានសួគ៌​នោះ​ណាស់​

3. បើ​បាន​ពាក់​ហើយ​ នោះ​យើង​នឹង​ឃើញ​ថា​ មិន​នៅ​អាក្រាត​ទៀត​ទេ។​

4. ​ដ្បិត​ពេល​យើង​កំពុង​នៅ​ក្នុង​រោង​នេះ​ យើង​ថ្ងូរ​ណាស់​ដោយ​មាន​បន្ទុក​ធ្ងន់​ ប៉ុន្ដែ​មិន​មែន​ដោយសារ​យើង​ចង់​ដោះ​ចេញ​ទេ​ គឺ​ចង់​ពាក់​វិញ​ ដើម្បី​ឲ្យ​ជីវិត​លេប​យក​អ្វី​ដែល​តែងតែ​ស្លាប់។​

5. ​ព្រះអង្គ​ដែល​បង្កើត​យើង​សម្រាប់​ការ​នេះ​ គឺ​ជា​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ព្រះវិញ្ញាណ​មក​យើង​ទុក​ជា​របស់​បញ្ចាំចិត្ដ​

6. ដូច្នេះ​ហើយ​ យើង​មាន​ចិត្ដ​ក្លាហាន​ជានិច្ច​ ហើយ​ដឹង​ថា​ ពេល​យើង​នៅ​ក្នុង​រូបកាយ​នេះ​នៅ​ឡើយ​ នោះ​យើង​នៅ​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់​

7. ដ្បិត​យើង​រស់នៅ​ដោយ​ជំនឿ​ មិន​មែន​ដោយ​ការ​មើល​ឃើញ​ទេ​

8. ហេតុនេះ​ហើយ​ យើង​មាន​ចិត្ដក្លាហាន​ ហើយ​ពេញចិត្ដ​នឹង​ចាកចេញ​ពី​រូបកាយ​នេះ​ ទៅ​នៅ​ជាមួយ​ព្រះអម្ចាស់​ប្រសើរ​ជាង​

9. ដូច្នេះ​ហើយ​មិន​ថា​ នៅ​ក្ដី​ ឬ​ចាកចេញ​ទៅ​ក្ដី​ យើង​មាន​បំណង​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ណាស់​

10. ព្រោះ​យើង​ទាំង​អស់​គ្នា​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល​តាម​អ្វី​ដែល​បាន​ប្រព្រឹត្ត​តាមរយៈ​រូបកាយ​នេះ​ មិន​ថា​ល្អ​ ឬ​អាក្រក់​ឡើយ។​

11. ហេតុនេះ​ហើយ​ ដោយ​ស្គាល់​ពី​ការ​កោតខ្លាច​ព្រះអម្ចាស់​ បាន​ជា​យើង​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ។​ យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ចំពោះ​ព្រះជាម្ចាស់​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដល់​មនសិការ​របស់​អ្នក​រាល់គ្នា​ដែរ។​

12. យើង​មិន​មែន​លើក​តម្កើង​ខ្លួន​នៅ​ចំពោះ​អ្នក​រាល់គ្នា​ទៀត​ទេ​ គឺ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​រាល់គ្នា​មាន​មោទនភាព​អំពី​យើង​វិញ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ឆ្លើយ​តបនឹង​ពួកអ្នក​ដែល​កំពុង​អួត​ពី​សំបក​ក្រៅ​ ប៉ុន្ដែ​មិន​មែន​ពី​ក្នុង​ចិត្ដ​

13. ដ្បិត​បើ​យើង​វង្វេង​ស្មារតី​ គឺ​ដើម្បី​ព្រះជាម្ចាស់​ ហើយ​បើ​យើង​មាន​ស្មារតី​ត្រឹមត្រូវ​ គឺ​ដើម្បី​អ្នក​រាល់គ្នា​

សូមអានជំពូកពេញលេញ ២ កូរិនថូស 5