គម្ពីរសញ្ញាថ្មី

២ កូរិនថូស 5:12-21 Khmer Christian Bible (KCB)

12. យើង​មិន​មែន​លើក​តម្កើង​ខ្លួន​នៅ​ចំពោះ​អ្នក​រាល់គ្នា​ទៀត​ទេ​ គឺ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​រាល់គ្នា​មាន​មោទនភាព​អំពី​យើង​វិញ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ឆ្លើយ​តបនឹង​ពួកអ្នក​ដែល​កំពុង​អួត​ពី​សំបក​ក្រៅ​ ប៉ុន្ដែ​មិន​មែន​ពី​ក្នុង​ចិត្ដ​

13. ដ្បិត​បើ​យើង​វង្វេង​ស្មារតី​ គឺ​ដើម្បី​ព្រះជាម្ចាស់​ ហើយ​បើ​យើង​មាន​ស្មារតី​ត្រឹមត្រូវ​ គឺ​ដើម្បី​អ្នក​រាល់គ្នា​

14. ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​ជំរុញ​យើង​ យើង​ក៏​វិនិច្ឆ័យ​ដូច្នេះ​ថា​ មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់​ ហេតុនេះ​មនុស្ស​ទាំង​អស់​ក៏​បាន​ស្លាប់​ដែរ​

15. ហើយ​ព្រះអង្គ​បាន​សោយ​ទិវង្គត​ជំនួស​មនុស្ស​ទាំង​អស់​ នោះ​មនុស្ស​ដែល​រស់នៅ​ មិន​រស់​ដើម្បី​ខ្លួន​ឯង​ទៀត​ទេ​ គឺ​រស់​ដើម្បី​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត​ និង​បាន​រស់​ឡើង​វិញ​សម្រាប់​ពួកគេ​

16. ដូច្នេះ​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ យើង​ឈប់​ស្គាល់​អ្នកណា​ម្នាក់​តាម​បែប​សាច់ឈាម​ទៀត​ហើយ​ ទោះបី​យើង​ធ្លាប់​ស្គាល់​ព្រះគ្រិស្ដ​តាម​បែប​សាច់ឈាម​ក៏ដោយ​ ក៏​ឥឡូវ​នេះ​ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​បែប​នោះ​ទៀត​ទេ។​

17. ដូច្នេះបើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​នោះបាន​កើត​ជា​ថ្មី​ ហើយ​អ្វីៗដែល​ចាស់​បាន​កន្លង​ផុត​ទៅ​ មើល៍​ អ្វីៗ‍​ត្រលប់​ជា​ថ្មី​វិញ​

18. អ្វីៗ​ទាំង​អស់​មក​ពី​ព្រះជាម្ចាស់​ ដែល​បាន​ផ្សះផ្សា​យើង​ជាមួយ​ព្រះអង្គ​តាមរយៈ​ព្រះគ្រិស្ដ​ ព្រមទាំង​បាន​ប្រទាន​មុខងារ​បម្រើ​ខាង​ការផ្សះផ្សា​នោះ​មក​យើង​ទៀត​ផង​

19. គឺ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ព្រះជាម្ចាស់​កំពុង​ផ្សះផ្សា​លោកិយ​នេះ​ជាមួយ​ព្រះអង្គ​ ដោយ​មិន​ប្រកាន់​កំហុស​របស់​ពួកគេ​ឡើយ​ ហើយ​ព្រះអង្គ​បាន​ប្រគល់​ព្រះបន្ទូល​នៃ​ការ​ផ្សះផ្សា​នោះ​ដល់​យើង​

20. ហេតុនេះ​យើង​ជា​ទូត​របស់​ព្រះគ្រិស្ដ​ហាក់​ដូចជា​ព្រះជាម្ចាស់​កំពុង​ដាស់​តឿន​តាមរយៈ​យើង​ ដូច្នេះ​យើង​តំណាង​ឲ្យ​ព្រះគ្រិស្ដ​ សូម​អង្វរ​ថា​ ចូរ​ផ្សះផ្សា​ជាមួយ​ព្រះជាម្ចាស់​ចុះ​

21. ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ​មួយ​អង្គ​ដែល​គ្មាន​បាប​សោះ​ត្រលប់​ជា​បាប​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​មនុស្ស​សុចរិត​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះ​មួយ​អង្គ​នោះ។​

សូមអានជំពូកពេញលេញ ២ កូរិនថូស 5