គម្ពីរសញ្ញាថ្មី

២ កូរិនថូស 12:7-15 Khmer Christian Bible (KCB)

7. និង​ដោយ​ព្រោះ​ភាព​ឧត្ដុង្គឧត្ដម​នៃការ​បើកសំដែង​នេះ។​ ដូច្នេះ​ហើយ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក​ ទើប​ខ្ញុំ​ទទួល​បាន​បន្លា​មួយ​នៅ​ក្នុង​សាច់​របស់​ខ្ញុំ​ ជា​ទេវតា​របស់​អារក្ស​សាតាំង​ដែល​វាយ​ខ្ញុំ​ គឺ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក។​

8. ចំពោះ​សេចក្ដី​នេះ​ ខ្ញុំ​បាន​សូម​អង្វរ​ព្រះអម្ចាស់​បី​ដង​មក​ហើយ​ ដើម្បី​ដក​វា​ចេញ​ពី​ខ្ញុំ​

9. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖​ «គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ​ ដ្បិត​ចេស្ដារ​បស់​យើង​នឹង​សម្រេច​នៅ​ក្នុង​ភាព​កម្សោយ»។​ ដូច្នេះ​ហើយ​ ខ្ញុំ​នឹង​អួត​អំពី​ភាព​កម្សោយ​របស់​ខ្ញុំ​ដោយ​អំណរ​បំផុត​ ដើម្បី​ឲ្យ​ព្រះ​ចេស្ដារ​បស់​ព្រះគ្រិស្ដ​បាន​សណ្ឋិត​លើ​ខ្ញុំ​

10. ហេតុនេះ​ហើយ​ ដោយ​ព្រោះ​ព្រះគ្រិស្ដ​ ខ្ញុំ​ពេញចិត្ដ​នឹង​ភាព​កម្សោយ​ ការ​ត្មះតិះដៀល​ ការ​លំបាក​ ការ​បៀត​បៀន​ ព្រមទាំង​សេចក្ដី​ទុក្ខ​ព្រួយ​ ដ្បិត​ពេលណា​ខ្ញុំ​ខ្សោយ​ ពេល​នោះ​ខ្ញុំ​រឹងមាំ។​

11. ខ្ញុំ​បាន​ត្រលប់​ជា​មនុស្ស​ល្ងង់​ដោយសារ​អ្នក​រាល់គ្នា​បង្ខំ​ខ្ញុំ​ តាម​ពិត​ខ្ញុំ​គួរ​ទទួល​បាន​ការ​លើក​តម្កើង​ពី​អ្នក​រាល់គ្នា​ ព្រោះ​ទោះបី​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏ដោយ​ ក៏​ខ្ញុំ​គ្មាន​អ្វីចាញ់​ពួក​កំពូល​សាវក​ទាំង​នោះ​ដែរ។​

12. មាន​ទីសំគាល់​ច្បាស់​អំពី​មុខងារ​ជា​សាវក​របស់​ខ្ញុំដែល​បាន​បង្ហាញ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តាមរយៈ​ការ​អត់ធ្មត់​គ្រប់​បែប​យ៉ាង​ ​តាមរយៈ​ទីសំគាល់​ ព្រមទាំង​ការ​អស្ចារ្យ​ និង​កិច្ចការ​ដ៏​មាន​អំណាច​ទាំងឡាយ។​

13. តើ​អ្នក​រាល់គ្នា​មាន​អ្វី​អន់​ជាង​ក្រុមជំនុំ​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ដែល​ខ្លួនខ្ញុំ​មិនមែន​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​នោះ?​ សូម​លើកលែង​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​កំហុស​នេះ​ផង។​

14. មើល៍​ ខ្ញុំ​ត្រៀម​មក​ជួប​អ្នក​រាល់គ្នា​ជា​លើក​ទី​បី​ហើយ​ ប៉ុន្ដែ​ខ្ញុំ​ក៏​មិន​ធ្វើ​ជាបន្ទុក​ដែរ​ ដ្បិត​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នក​រាល់គ្នា​ឡើយ​ គឺ​ចង់​បាន​អ្នក​រាល់គ្នា​វិញ​ ព្រោះ​មិន​មែន​កូន‍ៗ​ទេ​ដែល​ត្រូវ​សន្សំ​អ្វី​ទុក​ឲ្យ​ឪពុក​ម្ដាយ​ គឺ​ឪពុក​ម្ដាយ​ទេ​ ដែល​ត្រូវ​សន្សំ​ទុក​ឲ្យ​កូន‍ៗវិញ។​

15. រីឯ​ខ្ញុំ​វិញ​ ដើម្បី​ព្រលឹង​របស់​អ្នក​រាល់គ្នា​ ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ដោយ​អំណរ​បំផុត​ សូម្បី​តែ​ត្រូវ​ចំណាយ​ខ្លួន​ខ្ញុំ​ឲ្យ​អស់​ក្ដី​ បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​កាន់តែ​ខ្លាំង​ឡើងៗ​ តើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់​តែ​តិច​ទៅៗ​ឬ?​

សូមអានជំពូកពេញលេញ ២ កូរិនថូស 12