គម្ពីរសញ្ញាថ្មី

២ កូរិនថូស 12:11-21 Khmer Christian Bible (KCB)

11. ខ្ញុំ​បាន​ត្រលប់​ជា​មនុស្ស​ល្ងង់​ដោយសារ​អ្នក​រាល់គ្នា​បង្ខំ​ខ្ញុំ​ តាម​ពិត​ខ្ញុំ​គួរ​ទទួល​បាន​ការ​លើក​តម្កើង​ពី​អ្នក​រាល់គ្នា​ ព្រោះ​ទោះបី​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏ដោយ​ ក៏​ខ្ញុំ​គ្មាន​អ្វីចាញ់​ពួក​កំពូល​សាវក​ទាំង​នោះ​ដែរ។​

12. មាន​ទីសំគាល់​ច្បាស់​អំពី​មុខងារ​ជា​សាវក​របស់​ខ្ញុំដែល​បាន​បង្ហាញ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តាមរយៈ​ការ​អត់ធ្មត់​គ្រប់​បែប​យ៉ាង​ ​តាមរយៈ​ទីសំគាល់​ ព្រមទាំង​ការ​អស្ចារ្យ​ និង​កិច្ចការ​ដ៏​មាន​អំណាច​ទាំងឡាយ។​

13. តើ​អ្នក​រាល់គ្នា​មាន​អ្វី​អន់​ជាង​ក្រុមជំនុំ​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ដែល​ខ្លួនខ្ញុំ​មិនមែន​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​នោះ?​ សូម​លើកលែង​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​កំហុស​នេះ​ផង។​

14. មើល៍​ ខ្ញុំ​ត្រៀម​មក​ជួប​អ្នក​រាល់គ្នា​ជា​លើក​ទី​បី​ហើយ​ ប៉ុន្ដែ​ខ្ញុំ​ក៏​មិន​ធ្វើ​ជាបន្ទុក​ដែរ​ ដ្បិត​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នក​រាល់គ្នា​ឡើយ​ គឺ​ចង់​បាន​អ្នក​រាល់គ្នា​វិញ​ ព្រោះ​មិន​មែន​កូន‍ៗ​ទេ​ដែល​ត្រូវ​សន្សំ​អ្វី​ទុក​ឲ្យ​ឪពុក​ម្ដាយ​ គឺ​ឪពុក​ម្ដាយ​ទេ​ ដែល​ត្រូវ​សន្សំ​ទុក​ឲ្យ​កូន‍ៗវិញ។​

15. រីឯ​ខ្ញុំ​វិញ​ ដើម្បី​ព្រលឹង​របស់​អ្នក​រាល់គ្នា​ ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ដោយ​អំណរ​បំផុត​ សូម្បី​តែ​ត្រូវ​ចំណាយ​ខ្លួន​ខ្ញុំ​ឲ្យ​អស់​ក្ដី​ បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​កាន់តែ​ខ្លាំង​ឡើងៗ​ តើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់​តែ​តិច​ទៅៗ​ឬ?​

16. ​ខ្ញុំ​មិន​មែន​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​ទេ​ក៏ដោយ​ ប៉ុន្ដែ​គេ​ថា​ ខ្ញុំ​ជា​មនុស្ស​មាន​ល្បិច​បោកប្រាស់​យក​ពី​អ្នក​រាល់គ្នា​

17. តើ​ខ្ញុំ​បាន​បោកប្រាស់​អ្នក​រាល់គ្នា​តាមរយៈ​អ្នកណា​ម្នាក់​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​មក‍​ឯ​អ្នក​រាល់គ្នា​ដែរ​ឬ​អត់?​

18. ខ្ញុំ​បាន​លើក​ទឹក​ចិត្ដ​លោក​ទីតុស​ និង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យ​មក​ជាមួយ​គ្នា​ តើ​លោក​ទីតុស​បាន​បោកប្រាស់​អ្នក​រាល់គ្នា​ដែរ‍ឬ​អត់?​ តើ​យើង​មិន​បាន​ដើរ​តាម​វិញ្ញាណ​តែ​មួយ​ និង​តាម​លំអាន​តែ​មួយ​ទេ​ឬ?​

19. អ្នក​រាល់គ្នា​ស្មាន​ជា​រហូត​មក​ថា​ ​យើង​ដោះសា​នឹង​អ្នក​រាល់គ្នា​ ប៉ុន្ដែ​យើង​និយាយ​នៅ​ក្នុង​ព្រះគ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​វិញ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សេចក្ដី​ទាំង​អស់​នោះ​គឺសម្រាប់​ស្អាង​ចិត្ដ​អ្នក​រាល់គ្នា​ទេ។​

20. ដ្បិត​ខ្ញុំ​ខ្លាច​ក្រែងលោ​ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​ឃើញ​ថា​ អ្នក​រាល់គ្នា​មិន​ដូច​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​ រីឯ​អ្នក​រាល់គ្នា​ក៏​ឃើញ​ថា​ ខ្ញុំ​មិន​ដូចជា​អ្វី​ដែល​អ្នក​រាល់គ្នា​ប៉ង​ដែរ​ ឬ​ក្រែងលោ​មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស​ កំហឹង​ ការ​ប្រជែង​ ការ​និយាយ​បង្ខូច​ ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​

21. ឬ​ក្រែងលោ​ពេល​ខ្ញុំ​មក​ម្ដង​ទៀត​ នោះ​ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ហើយ​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ ប៉ុន្ដែ​មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ និង​អំពើ​ល្មោភកាម​ដែល​គេ​បាន​ប្រព្រឹត្ដ។​

សូមអានជំពូកពេញលេញ ២ កូរិនថូស 12