គម្ពីរសញ្ញាថ្មី

២ កូរិនថូស 11:18-30 Khmer Christian Bible (KCB)

18. ដ្បិត​មាន​មនុស្ស​ជាច្រើន​អួត​ខ្លួន​ទៅ​តាម​សាច់ឈាម​ ដូច្នេះ​ខ្ញុំ​នឹង​អួត​ដែរ‍​

19. ព្រោះ​អ្នក​រាល់គ្នា​ឆ្លាត​ដែល​ទ្រាំ​នឹង​ពួក​មនុស្ស​ល្ងង់​ដោយ​ពេញចិត្ដ​

20. ទោះបី​មាន​អ្នកណា​ម្នាក់​យក​អ្នក​រាល់គ្នា​ទៅ​ធ្វើ​ជា​ទាសករ​ ឬ​មាន​អ្នកណា​ម្នាក់​បំផ្លាញ​អ្នក​រាល់គ្នា​ ឬ​មាន​អ្នកណា​ម្នាក់​រឹបអូស​អ្នក​រាល់គ្នា​ ឬ​មាន​អ្នកណា​ម្នាក់​លើក​តម្កើង​ខ្លួន​ ឬ​មាន​អ្នកណា​ម្នាក់​វាយ​មុខ​អ្នក​រាល់គ្នា​ក៏ដោយ​ ក៏​អ្នក​រាល់គ្នា​ទ្រាំ​ដែរ​

21. ខ្ញុំ​និយាយ​ដោយ​សេចក្ដី​អាម៉ាស់​ថា​ យើង​ខ្សោយ​ណាស់‍​ចំពោះ​សេចក្ដី​ទាំង​នេះ​ បើ​អ្នកណា​ហ៊ាន​អួត​អំពី​អ្វី​មួយ​ នោះខ្ញុំ​និយាយ​ដោយ​សេចក្ដី​ចម្កួត​ថា​ ខ្ញុំ​ក៏​ហ៊ាន​ដែរ។​

22. តើ​ពួកគេ​ជា​ជនជាតិ​ហេព្រើរ​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​ហេព្រើរ​ដែរ។​ តើ​ពួកគេ​ជា​ជនជាតិ​អ៊ីស្រាអែល​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​អ៊ីស្រាអែល​ដែរ។​ តើ​ពួកគេ​ជា​ពូជពង្ស​លោក​អ័ប្រាហាំ​ឬ?​ ខ្ញុំ​ក៏​ពូជពង្ស​លោក​អ័ប្រាហាំ​ដែរ។​

23. តើ​ពួកគេ​ជា​អ្នកបម្រើ​ព្រះគ្រិស្ដ​ឬ?​ ខ្ញុំ​និយាយ​ដូចជា​មនុស្ស​ឆ្កួត​ថា​ ខ្ញុំ​លើស​ពួកគេ​ទៅ​ទៀត​ ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់​យ៉ាង​លើសលប់​ ជាប់​ឃុំឃាំង​ជា​ញឹកញាប់​ ត្រូវ​គេ​វាយ​ជា​ញឹកញាប់​ ហើយ​ជិត​ស្លាប់​ជាច្រើន​លើក​ច្រើន​សា​

24. ជនជាតិ​យូដា​បាន​វាយ​ខ្ញុំ​សែសិប​រំពាត់​ខ្វះ​មួយ​ ​ចំនួន​ប្រាំ​ដង​ហើយ​

25. ខ្ញុំ​ត្រូវ​គេ​វាយ​នឹង​ដំបង​បី​ដង​ ត្រូវ​គេ​គប់​នឹង​ដុំ​ថ្ម​មួយ​ដង​ លិច​សំពៅ​បី​ដង​ រសាត់​នៅ​មហា​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយ​យប់​

26. ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ប្រថុយ​នឹង​គ្រោះថ្នាក់​នៅ​តាម​ទន្លេ​ គ្រោះថ្នាក់​ដោយសារ​ចោរ​ប្លន់​ គ្រោះថ្នាក់​ដោយសារ​ជនជាតិ​ឯង​ គ្រោះថ្នាក់​ដោយសារ​សាសន៍​ដទៃ​ គ្រោះថ្នាក់​នៅ​តាម​ក្រុង​ គ្រោះថ្នាក់​នៅ​តាម​ទីរហោឋាន​ គ្រោះថ្នាក់​នៅ​តាម​សមុទ្រ​ និង​គ្រោះថ្នាក់​ដោយសារ​បងប្អូន​ក្លែងក្លាយ​

27. ទាំង​មាន​ការ​នឿយ​ហត់​ និង​លំបាក​ អត់​ងងុយ​ជា​ញឹកញាប់​ ស្រេកឃ្លាន​ តម​អាហារ​ជា​ញឹកញាប់​ រងា​ និង​នៅ​អាក្រាត​ទៀត​ផង។​

28. ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ ខ្ញុំ​មាន​បន្ទុក​ជា​រៀង​រាល់​ថ្ងៃ​ ដែល​ជា​ការ​ខ្វល់ខ្វាយ​ចំពោះ​ក្រុមជំនុំ​ទាំង​អស់​

29. បើ​មាន​អ្នកណា​ម្នាក់​ខ្សោយ​ តើ​ខ្ញុំ​មិន​ខ្សោយ​ទេ‍​ឬ?​ បើ​មាន​អ្នកណា​ម្នាក់​ត្រូវ​គេ​ធ្វើ​ឲ្យ​ជំពប់​ដួល​ តើ​ខ្ញុំ​មិន​ឆេះឆួល​ទេ‍ឬ?​

30. បើ​ខ្ញុំ​ត្រូវ​អួត​ ខ្ញុំ​នឹងអួត​ពី​ភាព​កម្សោយ​របស់​ខ្ញុំ​

សូមអានជំពូកពេញលេញ ២ កូរិនថូស 11