12. ដូច្នេះ ខ្ញុំនឹងបន្ដធ្វើអ្វីដែលខ្ញុំកំពុងធ្វើនេះទៀត ដើម្បីដកឱកាសចេញពីពួកអ្នកដែលចង់បានឱកាស ឲ្យគេគិតថាខ្លួនស្មើនឹងយើងនៅក្នុងចំណុចដែលពួកគេអួតនោះ។
13. ដ្បិតពួកមនុស្សបែបនេះជាពួកសាវកក្លែងក្លាយ ជាពួកអ្នកធ្វើការឆបោកដែលក្លែងខ្លួនជាសាវករបស់ព្រះគ្រិស្ដ
14. ប៉ុន្ដែកុំឆ្ងល់ឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនជាទេវតានៃពន្លឺដែរ
15. ដូច្នេះ មិនមែនជារឿងធំអ្វីទេ បើអ្នកបម្រើរបស់វាក្លែងខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិតនោះ ឯទីបញ្ចប់របស់ពួកវានឹងទៅតាមកិច្ចការរបស់ពួកវា។
16. ខ្ញុំប្រាប់ម្ដងទៀតថា កុំឲ្យអ្នកណាម្នាក់គិតថា ខ្ញុំជាមនុស្សល្ងង់ឡើយ ប៉ុន្ដែបើដូច្នោះមែន ចូរទទួលខ្ញុំដូចជាមនុស្សល្ងង់ចុះ ដើម្បីឲ្យខ្ញុំបានអួតបន្ដិច
17. អ្វីដែលខ្ញុំនិយាយនេះមិនមែននិយាយស្របតាមព្រះអម្ចាស់ទេ គឺតាមសេចក្ដីចម្កួតដែលទុកចិត្ដលើការអួតអាង
18. ដ្បិតមានមនុស្សជាច្រើនអួតខ្លួនទៅតាមសាច់ឈាម ដូច្នេះខ្ញុំនឹងអួតដែរ
19. ព្រោះអ្នករាល់គ្នាឆ្លាតដែលទ្រាំនឹងពួកមនុស្សល្ងង់ដោយពេញចិត្ដ
20. ទោះបីមានអ្នកណាម្នាក់យកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬមានអ្នកណាម្នាក់បំផ្លាញអ្នករាល់គ្នា ឬមានអ្នកណាម្នាក់រឹបអូសអ្នករាល់គ្នា ឬមានអ្នកណាម្នាក់លើកតម្កើងខ្លួន ឬមានអ្នកណាម្នាក់វាយមុខអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាទ្រាំដែរ
21. ខ្ញុំនិយាយដោយសេចក្ដីអាម៉ាស់ថា យើងខ្សោយណាស់ចំពោះសេចក្ដីទាំងនេះ បើអ្នកណាហ៊ានអួតអំពីអ្វីមួយ នោះខ្ញុំនិយាយដោយសេចក្ដីចម្កួតថា ខ្ញុំក៏ហ៊ានដែរ។
22. តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ជនជាតិហេព្រើរដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ជនជាតិអ៊ីស្រាអែលដែរ។ តើពួកគេជាពូជពង្សលោកអ័ប្រាហាំឬ? ខ្ញុំក៏ពូជពង្សលោកអ័ប្រាហាំដែរ។
23. តើពួកគេជាអ្នកបម្រើព្រះគ្រិស្ដឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតថា ខ្ញុំលើសពួកគេទៅទៀត ខ្ញុំបានធ្វើការនឿយហត់យ៉ាងលើសលប់ ជាប់ឃុំឃាំងជាញឹកញាប់ ត្រូវគេវាយជាញឹកញាប់ ហើយជិតស្លាប់ជាច្រើនលើកច្រើនសា
24. ជនជាតិយូដាបានវាយខ្ញុំសែសិបរំពាត់ខ្វះមួយ ចំនួនប្រាំដងហើយ