គម្ពីរសញ្ញាថ្មី

២ កូរិនថូស 11:1-16 Khmer Christian Bible (KCB)

1. ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ទ្រាំ​នឹង​សេចក្ដី​ចម្កួត​បន្ដិច​បន្ដួច​របស់​ខ្ញុំ​នេះ​ គឺ​អ្នក​រាល់គ្នា​កំពុង​ទ្រាំ​នឹង​ខ្ញុំ​ស្រាប់​ហើយ​

2. ដ្បិត​ខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ភ្ជាប់​ពាក្យ​នឹង​បុរស​តែ​ម្នាក់​គត់​ ទុក​ជា​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះគ្រិស្ដ​

3. ប៉ុន្ដែ​ខ្ញុំ​ខ្លាច​ក្រែងលោ​គំនិត​របស់​អ្នក​រាល់គ្នា​ត្រូវ​បំផ្លាញ​ពី​ក្ដី​ស្មោះ​ស្ម័គ្រ​ និង​ក្ដី​បរិសុទ្ធ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដូចជា​សត្វ​ពស់​បញ្ឆោត​នាង​អេវ៉ា​ដោយ​ល្បិច​កល​របស់​វា។​

4. ដ្បិត​បើ​មាន​អ្នកណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះយេស៊ូ​មួយ​ទៀត​ដែល​យើង​មិន​បាន​ប្រកាស​ ឬ​ឲ្យ​អ្នក​រាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ ឬ​ឲ្យ​ទទួល​ដំណឹង​ល្អ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិនបាន​ទទួល​ នោះ​អ្នក​រាល់គ្នា​ទ្រាំ​បាន​យ៉ាង​ងាយ។​

5. ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​គ្មាន​អ្វី​អន់​ជាង​ពួក​កំពូល​សាវក​ទាំង​នោះ​ទេ​

6. ដ្បិត​ទោះបី​ខ្ញុំ​មិន​ពូកែខាង​សំដី​មែន​ ប៉ុន្ដែ​មិន​មែន​ខាង​ចំណេះ​ដឹង​ទេ​ ផ្ទុយ​ទៅ​វិញ​ យើង​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​គ្រប់បែប​យ៉ាង​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​

7. ​ឬ​មួយ​ការ​ដែល​ខ្ញុំ​បន្ទាប​ខ្លួន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​បាន​លើក​តម្កើង​ ដោយ​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ដល់​អ្នក​រាល់គ្នា​ដោយ​ឥត​គិតថ្លៃ​នោះ​ តើ​ខ្ញុំ​ប្រព្រឹត្ដ​បាប​ឬ?​

8. ខ្ញុំ​បាន​ប្លន់​ក្រុមជំនុំ‍​ផ្សេងៗ​ដោយ​យក​ថ្លៃ​ឈ្នួល​ដើម្បី​ឧបត្ថម្ភ​អ្នក​រាល់គ្នា​

9. ពេល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ហើយ​មាន​ភាព​ខ្វះខាត​ នោះ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ទេ​ ព្រោះ​ពួក​បងប្អូន​ដែល​មក​ពី​ស្រុក​ម៉ាសេដូន​បាន​បំពេញ​ភាព​ខ្វះខាត​របស់​ខ្ញុំ​ នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ ខ្ញុំ​បាន​រក្សា​ខ្លួន​ខ្ញុំ​មិន​ឲ្យ​ត្រលប់​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​ទេ​ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៀត។​

10. ដោយ​សេចក្ដី​ពិត​របស់​ព្រះគ្រិស្ដ​ដែល​នៅ​ក្នុង​ខ្ញុំ​ មោទនៈភាព​របស់​ខ្ញុំ​នេះ​នឹង​មិន​ត្រូវ​ស្ងប់​នៅ​ក្នុង​តំបន់​នៃ​ស្រុក​អាខៃឡើយ។​

11. ហេតុអ្វី?​ ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់គ្នា​ឬ?​ ព្រះជាម្ចាស់​ជ្រាប​ហើយ​

12. ដូច្នេះ​ ខ្ញុំ​នឹងបន្ដ​ធ្វើ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ទៀត​ ដើម្បី​ដក​ឱកាស​ចេញ​ពី​ពួកអ្នក​ដែល​ចង់​បាន​ឱកាស​ ឲ្យ​គេ​គិត​ថា​ខ្លួន​ស្មើ​នឹង​យើង​នៅ​ក្នុង​ចំណុច​ដែល​ពួកគេ​អួត​នោះ។​

13. ដ្បិត​ពួក​មនុស្ស​បែប​នេះ​ជា​ពួក​សាវក​ក្លែងក្លាយ​ ជា​ពួក​អ្នក​ធ្វើ​ការ​ឆបោក​ដែល​ក្លែង​ខ្លួន​ជា​សាវក​របស់​ព្រះគ្រិស្ដ​

14. ប៉ុន្ដែ​កុំ​ឆ្ងល់​ឡើយ​ ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ​ដែរ​

15. ដូច្នេះ​ មិន​មែន​ជា​រឿង​ធំ​អ្វី​ទេ​ បើ​អ្នកបម្រើ​របស់​វា​ក្លែង​ខ្លួន​ជា​អ្នកបម្រើ​នៃ​សេចក្ដី​សុចរិត​នោះ​ ឯ​ទីបញ្ចប់​របស់​ពួកវា​នឹង​ទៅ​តាម​កិច្ចការ​របស់​ពួកវា។​

16. ខ្ញុំ​ប្រាប់​ម្ដង​ទៀត​ថា​ កុំ​ឲ្យ​អ្នកណា​ម្នាក់​គិត​ថា​ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ឡើយ​ ប៉ុន្ដែ​បើ​ដូច្នោះមែន​ ចូរ​ទទួល​ខ្ញុំ​ដូចជា​មនុស្ស​ល្ងង់​ចុះ​ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​បន្ដិច​

សូមអានជំពូកពេញលេញ ២ កូរិនថូស 11