គម្ពីរសញ្ញាថ្មី

២ កូរិនថូស 11:1-10 Khmer Christian Bible (KCB)

1. ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ទ្រាំ​នឹង​សេចក្ដី​ចម្កួត​បន្ដិច​បន្ដួច​របស់​ខ្ញុំ​នេះ​ គឺ​អ្នក​រាល់គ្នា​កំពុង​ទ្រាំ​នឹង​ខ្ញុំ​ស្រាប់​ហើយ​

2. ដ្បិត​ខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ភ្ជាប់​ពាក្យ​នឹង​បុរស​តែ​ម្នាក់​គត់​ ទុក​ជា​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះគ្រិស្ដ​

3. ប៉ុន្ដែ​ខ្ញុំ​ខ្លាច​ក្រែងលោ​គំនិត​របស់​អ្នក​រាល់គ្នា​ត្រូវ​បំផ្លាញ​ពី​ក្ដី​ស្មោះ​ស្ម័គ្រ​ និង​ក្ដី​បរិសុទ្ធ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដូចជា​សត្វ​ពស់​បញ្ឆោត​នាង​អេវ៉ា​ដោយ​ល្បិច​កល​របស់​វា។​

4. ដ្បិត​បើ​មាន​អ្នកណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះយេស៊ូ​មួយ​ទៀត​ដែល​យើង​មិន​បាន​ប្រកាស​ ឬ​ឲ្យ​អ្នក​រាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ ឬ​ឲ្យ​ទទួល​ដំណឹង​ល្អ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិនបាន​ទទួល​ នោះ​អ្នក​រាល់គ្នា​ទ្រាំ​បាន​យ៉ាង​ងាយ។​

5. ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​គ្មាន​អ្វី​អន់​ជាង​ពួក​កំពូល​សាវក​ទាំង​នោះ​ទេ​

6. ដ្បិត​ទោះបី​ខ្ញុំ​មិន​ពូកែខាង​សំដី​មែន​ ប៉ុន្ដែ​មិន​មែន​ខាង​ចំណេះ​ដឹង​ទេ​ ផ្ទុយ​ទៅ​វិញ​ យើង​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​គ្រប់បែប​យ៉ាង​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​

7. ​ឬ​មួយ​ការ​ដែល​ខ្ញុំ​បន្ទាប​ខ្លួន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​បាន​លើក​តម្កើង​ ដោយ​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ដល់​អ្នក​រាល់គ្នា​ដោយ​ឥត​គិតថ្លៃ​នោះ​ តើ​ខ្ញុំ​ប្រព្រឹត្ដ​បាប​ឬ?​

8. ខ្ញុំ​បាន​ប្លន់​ក្រុមជំនុំ‍​ផ្សេងៗ​ដោយ​យក​ថ្លៃ​ឈ្នួល​ដើម្បី​ឧបត្ថម្ភ​អ្នក​រាល់គ្នា​

9. ពេល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ហើយ​មាន​ភាព​ខ្វះខាត​ នោះ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ទេ​ ព្រោះ​ពួក​បងប្អូន​ដែល​មក​ពី​ស្រុក​ម៉ាសេដូន​បាន​បំពេញ​ភាព​ខ្វះខាត​របស់​ខ្ញុំ​ នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ ខ្ញុំ​បាន​រក្សា​ខ្លួន​ខ្ញុំ​មិន​ឲ្យ​ត្រលប់​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​ទេ​ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៀត។​

10. ដោយ​សេចក្ដី​ពិត​របស់​ព្រះគ្រិស្ដ​ដែល​នៅ​ក្នុង​ខ្ញុំ​ មោទនៈភាព​របស់​ខ្ញុំ​នេះ​នឹង​មិន​ត្រូវ​ស្ងប់​នៅ​ក្នុង​តំបន់​នៃ​ស្រុក​អាខៃឡើយ។​

សូមអានជំពូកពេញលេញ ២ កូរិនថូស 11