គម្ពីរសញ្ញាថ្មី

២ កូរិនថូស 1:10-20 Khmer Christian Bible (KCB)

10. ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ដ៏ធំ​សម្បើម​ ហើយ​នឹង​សង្គ្រោះ​យើង​ទៀត។​ យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា​ ព្រះអង្គ​ក៏​នឹង​នៅតែ​សង្គ្រោះ​ដែរ។​

11. អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ជួយ​យើង​ដែរ​តាមរយៈ​ការ​ទូលអង្វរ​ ហើយ​តាមរយៈ​ការ​ទូលអង្វរ​របស់​មនុស្ស​ជាច្រើន​ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ជំនួស​យើង​ សម្រាប់​អំណោយទាន​ដែល​បាន​ផ្ដល់​ឲ្យ​យើង។​

12. មោទនភាព​របស់​យើង​គឺ​បែប​នេះ​ មនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​ យើង​មាន​អាកប្បកិរិយា​ក្នុង​ពិភពលោក​នេះ​ ដោយ​សេចក្ដី​សប្បុរស​ និង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ មិន​មែន​ដោយសារ​ប្រាជ្ញា​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ​ ជា​ពិសេស​ចំពោះ​អ្នក​រាល់គ្នា។​

13. យើង​មិន​សរសេរ​អ្វី​ផ្សេង​មក​អ្នក​រាល់គ្នា​ទេ​ លើកលែង​តែ​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​អាន​ ឬ​អាច​យល់​បាន​ប៉ុណ្ណោះ​

14. ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្គាល់​យើង​ខ្លះ​ហើយ​ ប៉ុន្ដែ​នៅ​ថ្ងៃ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​រាល់គ្នា​នឹង​យល់​សព្វ​គ្រប់​ថា​ យើង​ជា​មោទនភាព​របស់​អ្នក​រាល់គ្នា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​ជា​មោទនភាព​របស់​យើង​យ៉ាង​នោះ​ដែរ។​

15. ដោយ​ការ​ទុកចិត្ដ​ដូច្នេះ​ហើយ​ បាន​ជា​ខ្ញុំ​មាន​បំណង​មក​ជួប​អ្នក​រាល់គ្នា​ជា​មុន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះគុណ​ទ្វេដង​

16. ហើយ​ទៅ​ស្រុក​ម៉ាសេដូន​ដោយ​ឆ្លង​កាត់​អ្នក​រាល់គ្នា​ រួច​សឹម​ត្រលប់​ពី​ស្រុក​ម៉ាសេដូន​មក​ជួប​អ្នក​រាល់គ្នា​ម្ដង​ទៀត​ ហើយ​ឲ្យ​អ្នក​រាល់គ្នា​ជូន​ដំណើរ​ខ្ញុំ​បន្ដ​ទៅ​ស្រុកយូដា។​

17. ពេល​ខ្ញុំ​សម្រេចចិត្ដ​ដូច្នេះ​ តើ​ខ្ញុំ​ធ្វើ​ដោយ​ខ្ជីខ្ជា​ឬ?​ ឬ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេចចិត្ដ​ ខ្ញុំសម្រេចចិត្ដ​តាម​សាច់ឈាម​ បាន​ជា​ខ្ញុំ​ «បាទ»​ផង​ «ទេ‍»​ផង​ ដូច្នេះ?​

18. ប៉ុន្ដែ​ព្រះជាម្ចាស់​ស្មោះត្រង់​ បាន​ជា​ពាក្យ​សំដី​របស់​យើង​ទៅ​កាន់​អ្នក​រាល់គ្នា​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​

19. ដ្បិត​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​ពួក​យើង​ មាន​ខ្ញុំ​ លោក​ស៊ីលវ៉ាន​ និង​លោក​ធីម៉ូថេ​បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នោះ​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​ គឺ​នៅ​ក្នុង​ព្រះអង្គ​មាន​តែ​បាទ​ប៉ុណ្ណោះ​

20. ដ្បិត​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ព្រះជាម្ចាស់​សុទ្ធ​តែ​ជា​ «បាទ»​ នៅ​ក្នុង​ព្រះអង្គ​ ដូច្នេះ​ហើយ​បាន​ជា​យើង​ថា​ «អាម៉ែន»​ដែរ​ តាមរយៈ​ព្រះអង្គ​សម្រាប់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​

សូមអានជំពូកពេញលេញ ២ កូរិនថូស 1