គម្ពីរសញ្ញាថ្មី

២ កូរិនថូស 1:1-11 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ជា​សាវក​ម្នាក់​របស់​ព្រះគ្រិស្ដ​យេស៊ូ​ តាម​បំណង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​ធីម៉ូថេ​ជា​បងប្អូន​ ជូន​ចំពោះ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស​ រួមទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ស្រុក​អាខៃ​ទាំង​មូល​

2. សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ​ ​និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា។​

3. គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះ​វរ​បិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ដែល​ជា​ព្រះ​វរ​បិតា​នៃ​សេចក្ដី​មេត្តា​ករុណា​ ជា​ព្រះជាម្ចាស់​នៃ​ការ​កម្សាន្ដ​ចិត្ដ​គ្រប់​បែប​យ៉ាង​

4. ជា​ព្រះ​ដែល​កម្សាន្ដ​ចិត្ដ​យើង​ក្នុង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ដ​ចិត្ដ​អស់​អ្នក​ដែល​ជួប​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​បាន​ តាមរយៈ​ការ​កម្សាន្ដ​ចិត្ដ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់​

5. ដ្បិត​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​មាន​កាន់​តែច្រើន​ដល់​យើង​យ៉ាង​ណា​ ការ​កម្សាន្ដ​ចិត្ដ​ដល់​យើង​តាមរយៈ​ព្រះគ្រិស្ដ​ក៏​មាន​កាន់​តែច្រើន​យ៉ាង​នោះ​ដែរ។​

6. បើ​យើង​ត្រូវ​រងទុក្ខ​ នោះ​គឺ​ដើម្បី​ជាការ​កម្សាន្ដ​ចិត្ដ​ និង​សេចក្ដី​សង្គ្រោះរបស់​អ្នក​រាល់គ្នា​ ឬ​បើ​យើង​ទទួល​ការ​កម្សាន្ដ​ចិត្ដ​វិញ​ ក៏​ដើម្បី​ជា​ការ​កម្សាន្ដ​ចិត្ដ​ដល់​អ្នក​រាល់គ្នា​ដែរ​ ដែល​កើត​ពី​ការ​ស៊ូទ្រាំ​នឹងការ​រងទុក្ខ​តែ​មួយ​ ដែល​យើង​ក៏​រងទុក្ខ​ដែរ​

7. ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​មុតមាំ​ចំពោះ​អ្នក​រាល់គ្នា​ ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​រងទុក្ខ​ជា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ក្នុង​ការ​កម្សាន្ដ​ចិត្ដ​ជា​យ៉ាង​នោះ​ដែរ‍។​

8. ដ្បិត​បងប្អូន​អើយ!​ យើង​មិនចង់​ឲ្យ​អ្នក​រាល់គ្នា​នៅតែ​មិន​ដឹង​អំពី​សេចក្ដី​វេទនា​របស់​យើង​ដែល​កើត​ឡើង​នៅ​ស្រុក​អាស៊ី​ គឺ​យើង​មាន​បន្ទុក​ធ្ងន់​ធ្ងរ​លើស​កម្លាំង​ ធ្វើឲ្យ​យើង​អស់​សង្ឃឹមនឹង​រស់នៅ​ទៀត​

9. ប៉ុន្ដែ​យើង​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​យើង​ទុកចិត្ត​លើ​ខ្លួន​ឯង​ឡើយ​ គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះជាម្ចាស់​ ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​

10. ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ដ៏ធំ​សម្បើម​ ហើយ​នឹង​សង្គ្រោះ​យើង​ទៀត។​ យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា​ ព្រះអង្គ​ក៏​នឹង​នៅតែ​សង្គ្រោះ​ដែរ។​

11. អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ជួយ​យើង​ដែរ​តាមរយៈ​ការ​ទូលអង្វរ​ ហើយ​តាមរយៈ​ការ​ទូលអង្វរ​របស់​មនុស្ស​ជាច្រើន​ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ជំនួស​យើង​ សម្រាប់​អំណោយទាន​ដែល​បាន​ផ្ដល់​ឲ្យ​យើង។​

សូមអានជំពូកពេញលេញ ២ កូរិនថូស 1