2. ដោយរបៀបនេះហើយដែលយើងដឹងថា យើងស្រឡាញ់កូនៗរបស់ព្រះជាម្ចាស់ គឺនៅពេលយើងស្រឡាញ់ព្រះជាម្ចាស់ ហើយប្រព្រឹត្ដតាមបញ្ញត្ដិរបស់ព្រះអង្គ។
3. ដ្បិតនេះជាសេចក្ដីស្រឡាញ់ដល់ព្រះជាម្ចាស់ គឺឲ្យយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ ហើយបញ្ញត្ដិរបស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ
4. ដ្បិតអស់អ្នកដែលកើតពីព្រះជាម្ចាស់ឈ្នះលោកិយនេះ ហើយនេះជាជ័យជម្នះដែលឈ្នះលោកិយនេះ គឺជំនឿរបស់យើង។
5. តើអ្នកណាជាអ្នកឈ្នះលោកិយនេះ? គឺជាអ្នកដែលជឿថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។
6. ព្រះយេស៊ូគ្រិស្ដនេះហើយដែលបានយាងមកដោយទឹក និងឈាម ហើយមិនមែនតែទឹកប៉ុណ្ណោះទេ គឺមានទាំងទឹក និងឈាម រីឯព្រះវិញ្ញាណជាអ្នកធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។
7. ដ្បិតមានបីដែលធ្វើបន្ទាល់
8. គឺព្រះវិញ្ញាណ ទឹក និងឈាម ហើយទាំងបីនេះធ្វើបន្ទាល់តែមួយទេ។
9. បើយើងទទួលស្គាល់សេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់វិសេសជាងទៅទៀត ដ្បិតនេះជាសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់ គឺព្រះអង្គបានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។
10. អ្នកណាដែលជឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួន រីឯអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រលប់ជាអ្នកកុហកហើយ ព្រោះមិនបានជឿលើសេចក្ដីបន្ទាល់ ដែលព្រះជាម្ចាស់បានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។
11. ហើយនេះជាសេចក្ដីបន្ទាល់ គឺថា ព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចដល់យើង ហើយជីវិតនេះមាននៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។