គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 4:8-15 Khmer Christian Bible (KCB)

8. ប៉ុន្ដែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់​ នោះ​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ព្រោះ​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។​

9. ព្រះជាម្ចាស់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​តាម​រយៈ​ការ​នេះ​ គឺ​ព្រះអង្គ​បាន​ចាត់​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះអង្គ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយសារ​ព្រះរាជ​បុត្រា​នោះ។​

10. សេចក្ដី​ស្រឡាញ់​គឺ​បែប​នេះ គឺ​មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះជាម្ចាស់​ ប៉ុន្ដែ​ព្រះជាម្ចាស់​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង​ ហើយ​បាន​ប្រទាន​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ធ្វើ​ជា​យញ្ញ​បូជា​ប្រោស​លោះ​សម្រាប់​បាប​របស់​យើង។​

11. បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ បើ​ព្រះជាម្ចាស់​ស្រឡាញ់​យើង​ដល់​ម្ល៉េះ​ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។​

12. គ្មាន​អ្នក​ណា​ធ្លាប់​ឃើញ​ព្រះជា​ម្ចាស់​ឡើយ​ ប៉ុន្ដែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ នោះ​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​យើង​ ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​យើង។​

13. ដោយ​របៀប​នេះ​យើង​ដឹង​ថា​ យើង​នៅ​ជាប់​នឹង​ព្រះអង្គ​ ហើយ​ព្រះអង្គ​ក៏​នៅ​ជាប់​នឹង​យើង​ដែរ​ ព្រោះ​ព្រះអង្គ​បាន​ប្រទាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដល់​យើង​

14. ហើយ​យើង​ក៏​បាន​ឃើញ​ ទាំង​ធ្វើ​បន្ទាល់​ថា​ ព្រះវរបិតា​បាន​ចាត់​ព្រះរាជ​បុត្រា​ឲ្យ​មក​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​លោក​

15. អ្នក​ណា​ដែល​ទទួល​ស្គាល់​ថា​ ព្រះយេស៊ូ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នៅ​ក្នុង​ព្រះជាម្ចាស់​ដែរ។​

សូមអានជំពូកពេញលេញ ១ យ៉ូហាន 4