គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 4:1-12 Khmer Christian Bible (KCB)

1. បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សូម​កុំ​ជឿ​គ្រប់​វិញ្ញាណ​ពេក​ ចូរ​ពិសោធ​វិញ្ញាណ​ទាំង​នោះ​ ដើម្បី​ឲ្យ​ដឹង​ថា​ មក​ពី​ព្រះជាម្ចាស់​ ឬ​មិន​មែន​ ពី​ព្រោះ​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​ពិភព​លោក​នេះ​ហើយ​

2. យើង​ស្គាល់​វិញ្ញាណ​របស់​ព្រះជាម្ចាស់​បាន​ដោយ​របៀប​នេះ​ គឺ​វិញ្ញាណ​ទាំង​ឡាយ​ណា​ដែល​ទទួលស្គាល់​ថា​ ព្រះយេស៊ូ​គ្រិស្ដ​បាន​យាង​មក​ក្នុង​សាច់ឈាម​ វិញ្ញាណ​នោះ​ហើយ​ដែល​មក​ពី​ព្រះជាម្ចាស់​

3. ប៉ុន្ដែ​វិញ្ញាណ​ទាំង​ឡាយ​ណា​ដែល​មិន​ទទួល​ស្គាល់​ព្រះយេស៊ូ​ វិញ្ញាណ​នោះ​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ទេ​ គឺ​ជា​វិញ្ញាណ​របស់​អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​ ដែល​អ្នក​រាល់គ្នា​បាន​ឮ​ថា​នឹង​មក​ ឥឡូវ​នេះ​ គេ​នៅ​ក្នុង​ពិភព​លោក​នេះ​ស្រាប់‍​ហើយ។​

4. កូន​តូចៗ​អើយ!​ អ្នក​រាល់គ្នា​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​រាល់គ្នាក៏​ឈ្នះ​ពួកគេ​ដែរ​ ព្រោះ​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ធំ​ជាង​ម្នាក់​ដែល​នៅ​ក្នុង​លោកិយ​នេះ។​

5. ពួកគេ​មក​ពី​លោកិយ​ បាន​ជា​និយាយ​រឿង​របស់​លោកិយ​ ហើយ​លោកិយ​ក៏​ស្ដាប់​ពួកគេ​ដែរ។​

6. រីឯ​យើង​វិញ​ យើង​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះជាម្ចាស់​ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ​ ប៉ុន្ដែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះជាម្ចាស់​ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ​ ដូច្នេះ​ហើយ​បាន​ជា​យើង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត​ និង​វិញ្ញាណ​នៃ​ការ​បោក​ប្រាស់។​

7. បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​ នោះ​កើត​មក​ពី​ព្រះជាម្ចាស់​ ព្រមទាំង​ស្គាល់​ព្រះជាម្ចាស់​ដែរ​

8. ប៉ុន្ដែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់​ នោះ​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ព្រោះ​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។​

9. ព្រះជាម្ចាស់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​តាម​រយៈ​ការ​នេះ​ គឺ​ព្រះអង្គ​បាន​ចាត់​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះអង្គ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយសារ​ព្រះរាជ​បុត្រា​នោះ។​

10. សេចក្ដី​ស្រឡាញ់​គឺ​បែប​នេះ គឺ​មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះជាម្ចាស់​ ប៉ុន្ដែ​ព្រះជាម្ចាស់​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង​ ហើយ​បាន​ប្រទាន​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ធ្វើ​ជា​យញ្ញ​បូជា​ប្រោស​លោះ​សម្រាប់​បាប​របស់​យើង។​

11. បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ បើ​ព្រះជាម្ចាស់​ស្រឡាញ់​យើង​ដល់​ម្ល៉េះ​ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។​

12. គ្មាន​អ្នក​ណា​ធ្លាប់​ឃើញ​ព្រះជា​ម្ចាស់​ឡើយ​ ប៉ុន្ដែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ នោះ​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​យើង​ ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​យើង។​

សូមអានជំពូកពេញលេញ ១ យ៉ូហាន 4