1. មើល៍ ព្រះវរបិតាប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងត្រូវបានហៅថាជាកូនរបស់ព្រះអង្គ ហើយយើងជាកូនរបស់ព្រះអង្គមែន ដូច្នេះហើយបានជាលោកិយមិនស្គាល់យើង ព្រោះគេមិនស្គាល់ព្រះអង្គ។
2. បងប្អូនជាទីស្រឡាញ់អើយ! ឥឡូវនេះយើងជាកូនរបស់ព្រះជាម្ចាស់ ហើយយើងនឹងត្រលប់ជាយ៉ាងណានោះ មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេ។ យើងដឹងថា នៅពេលព្រះអង្គលេចមក យើងនឹងបានដូចជាព្រះអង្គ ដ្បិតព្រះអង្គមានលក្ខណៈយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះហើយ។
3. អស់អ្នកដែលមានសង្ឃឹមលើព្រះអង្គដូច្នេះ នោះបានជម្រះខ្លួនឲ្យបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។
4. រីឯអស់អ្នកដែលប្រព្រឹត្ដបាប នោះក៏ប្រព្រឹត្ដល្មើសក្រឹត្យវិន័យដែរ ដ្បិតបាបជាការល្មើសក្រឹត្យវិន័យ។
5. អ្នករាល់គ្នាដឹងហើយថា ព្រះអង្គបានលេចមក ដើម្បីដកយកបាបចេញ ហើយនៅក្នុងព្រះអង្គគ្មានបាបឡើយ។
6. អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ នោះមិនប្រព្រឹត្ដបាបទេ ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដបាប នោះមិនបានឃើញព្រះអង្គឡើយ ហើយក៏មិនស្គាល់ព្រះអង្គដែរ។
7. កូនតូចៗអើយ! ចូរកុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត នោះជាមនុស្សសុចរិតដូចជាព្រះអង្គសុចរិតដែរ
8. ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដបាប នោះមកពីអារក្សសាតាំងទេ ព្រោះអារក្សសាតាំងបានប្រព្រឹត្ដបាបតាំងពីដើមដំបូងមក ហេតុនេះហើយបានជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានលេចមក ដើម្បីបំផ្លាញកិច្ចការរបស់អារក្សសាតាំង។
9. អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ដូច្នេះហើយបានជាមិនអាចប្រព្រឹត្ដបាបបានឡើយ ដ្បិតគេកើតពីព្រះជាម្ចាស់
10. កូនរបស់ព្រះជាម្ចាស់ និងកូនរបស់អារក្ស ត្រូវបានបង្ហាញឲ្យឃើញច្បាស់តាមរបៀបនេះ គឺអស់អ្នកដែលមិនប្រព្រឹត្ដតាមសេចក្ដីសុចរិត នោះមិនមែនមកពីព្រះជាម្ចាស់ទេ ហើយអស់អ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះជាម្ចាស់ដែរ។
11. នេះជាសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក
12. មិនមែនដូចជាកាអ៊ីនដែលមកពីអារក្សសាតាំង ហើយបានសម្លាប់ប្អូនគាត់នោះទេ។ តើហេតុអ្វីបានជាគាត់សម្លាប់ប្អូនគាត់ដូច្នេះ? ព្រោះការប្រព្រឹត្ដិរបស់គាត់អាក្រក់ ហើយការប្រព្រឹត្ដិរបស់ប្អូនគាត់សុចរិត។
13. បងប្អូនអើយ! បើលោកិយស្អប់អ្នករាល់គ្នា ចូរកុំឆ្ងល់ឡើយ។
14. យើងដឹងថា ដោយសារយើងស្រឡាញ់បងប្អូន យើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅឯជីវិត ហើយអ្នកដែលមិនស្រឡាញ់បងប្អូន អ្នកនោះស្ថិតក្នុងសេចក្ដីស្លាប់នៅឡើយ។
15. អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក ហើយអ្នករាល់គ្នាដឹងថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចក្នុងខ្លួនទេ។
16. យើងស្គាល់សេចក្ដីស្រឡាញ់តាមរបៀបនេះ គឺដោយព្រោះព្រះអង្គបានលះបង់ជីវិតរបស់ព្រះអង្គជំនួសយើង យើងក៏ត្រូវលះបង់ជីវិតរបស់យើងជំនួសបងប្អូនដែរ។
17. បើអ្នកណាមានទ្រព្យសម្បត្តិខាងលោកិយ ហើយឃើញបងប្អូនខ្វះខាត ប៉ុន្ដែគ្មានចិត្ដអាណិតគាត់សោះ តើធ្វើដូចម្ដេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតក្នុងអ្នកនោះបាន?