គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 2:7-18 Khmer Christian Bible (KCB)

7. បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ខ្ញុំ​មិន​បាន​សរសេរ​បញ្ញត្ដិ​ថ្មី​មក​អ្នក​រាល់គ្នា​ទេ​ ប៉ុន្ដែ​ជា​បញ្ញត្ដិ​ចាស់‍​ដែល​អ្នក​រាល់គ្នា​មាន​តាំង​ពី​ដើម​ដំបូង​មក។​ បញ្ញត្ដិ​ចាស់​នោះ​ជា​ព្រះ​បន្ទូល​ដែល​អ្នក​រាល់គ្នា​បាន‍​ឮ​រួច​ហើយ។​

8. យ៉ាង​ណា​មិញ​ ខ្ញុំ​សរសេរ​បញ្ញត្ដិ​ថ្មី​មួយ​មក​អ្នក​រាល់គ្នា​ដែល​ពិត​នៅ​ក្នុង​ព្រះអង្គ​ និង​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែរ​ ព្រោះ​សេចក្ដី​ងងឹត​កំពុង​រលាយ​បាត់​ទៅ​ រីឯ​ពន្លឺ​ដ៏​ពិត​កំពុង​បញ្ចេញ​ពន្លឺ​ស្រាប់​ហើយ។​

9. អ្នក​ណា​ដែល​និយាយ​ថា​ខ្លួន​នៅ​ក្នុង​ពន្លឺ​ ប៉ុន្ដែ​ស្អប់​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​នៅ​ក្នុង​សេចក្ដី​ងងឹត​រហូត​ដល់​ពេល​ឥឡូវ​នេះ។​

10. រីឯ​អ្នក​ណា​ដែល​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​នៅ​ក្នុង​ពន្លឺ​ ហើយ​នៅ​ក្នុង​អ្នក​នោះ​ គ្មាន​សេចក្តី​ដែល​នាំ​ឲ្យ​ជំពប់​ដួល​ឡើយ។​

11. ប៉ុន្ដែ​អ្នក​ណា​ដែល​ស្អប់​បងប្អូន​ខ្លួន​ អ្នក​នោះ​នៅ​ក្នុង​សេចក្ដី​ងងឹត​ ក៏​ដើរ​ក្នុង​សេចក្ដី​ងងឹត​ ទាំង​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង​ ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ខ្វាក់​ទៅ​ហើយ​

12. កូន​តូចៗ​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ទទួល​ការ​លើកលែង​ទោស​បាប​ហើយ​ ដោយសារ​ព្រះនាម​របស់​ព្រះអង្គ។​

13. ឪពុក​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះអង្គដែល​គង់​នៅ​តាំង​ពី​ដើម​ដំបូង​មក។​ កំលោះ​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ឈ្នះ​អារក្ស​សាតាំង​ហើយ។​

14. ក្មេង​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះវរបិតា​ហើយ‍។​ ឪពុក​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​ដើម​ដំបូង​មក។​ កំលោះ​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​មាន​កម្លាំង​ ហើយ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​បាន​ឈ្នះ​អារក្ស​សាតាំង​ហើយ។​

15. កុំ​ស្រឡាញ់​លោកិយ​ ឬ​អ្វីៗ​នៅ​ក្នុង​លោកិយ​នេះ​ បើ​អ្នក​ណា​ស្រឡាញ់​លោកិយ​ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ។​

16. ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​លោកិយ​ ដូចជា​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក​ និង​អំនួត​នៅ​ក្នុង​ជីវិត‍​ នោះ​មិន​មែន​មក​ពី​ព្រះវរបិតា​ទេ​ គឺ​មក​ពី​លោកិយ​វិញ​

17. ហើយ​លោកិយ​ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​លោកិយ​នេះ​កំពុង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​នឹង​ស្ថិត​នៅ​អស់កល្ប​ជានិច្ច។​

18. ក្មេង​រាល់គ្នា​អើយ!​ ឥឡូវ​នេះ​ជា​គ្រា​ចុងក្រោយ​ ហើយ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​ហើយ​ថា​ អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​នឹង​មក​ ឥឡូវ​នេះ​មាន​ពួក​អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​ជា​ច្រើន​បាន​មក​មែន​ ដូច្នេះ​យើង​ដឹង​ថា​ នេះ​ជា​គ្រា​ចុងក្រោយ​ហើយ។​

សូមអានជំពូកពេញលេញ ១ យ៉ូហាន 2