គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 2:22-29 Khmer Christian Bible (KCB)

22. តើ​អ្នក​ណា​ជា​អ្នក​កុហក‍?​ គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​ថា​ ព្រះយេស៊ូ​មិន​មែន​ជា​ព្រះគ្រិស្ដ​នោះ​ទេ​ ហើយ​អ្នក​ដែល​បដិសេធ​ព្រះវរបិតា​ និង​ព្រះរាជ​បុត្រា​ អ្នក​នោះ​ហើយ​ជា​អ្នក​ប្រឆាំង​ព្រះគ្រិស្ដ។​

23. អស់​អ្នក​ដែល​បដិសេធ​ព្រះរាជ​បុត្រា​ នោះ​គ្មាន​ព្រះវរបិតា​ទេ​ រីឯ​អ្នក​ណា​ដែល​ទទួល​ស្គាល់​ព្រះរាជ​បុត្រា​ នោះ​ក៏​មាន​ព្រះវរបិតា​ដែរ។​

24. ចំពោះ​អ្នក​រាល់គ្នា​វិញ​ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​មក​ បាន​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​ចុះ​ បើ​សិន​ជា​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ឮ​តាំង​ពី​ដើម​ដំបូង​ បាន​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​មែន​ នោះ​អ្នក​រាល់គ្នា​ក៏​នៅ​ជាប់​នឹង​ព្រះរាជ​បុត្រា​ និង​ព្រះវរបិតា​ដែរ។​

25. នេះ​ជា​សេចក្ដី​សន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ជាមួយ​យើង​ គឺ​ជា​ជីវិត​អស់កល្ប​ជានិច្ច។​

26. ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នករាល់គ្នា​ អំពី​ពួក​អ្នក​ដែល​បោកបញ្ឆោត​អ្នក​រាល់គ្នា។​

27. រីឯ​អ្នក​រាល់គ្នា​វិញ​ ប្រេង​តាំង​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ​មក​ ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​ ដូច្នេះ​អ្នក​រាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នក​ណា​បង្រៀន​អ្នក​រាល់គ្នា​ទៀត​ទេ​ ដ្បិត​ប្រេង​តាំងរបស់​ព្រះអង្គ​បង្រៀន​អ្នក​រាល់គ្នា​អំពីគ្រប់​ការ​ទាំង​អស់​ ហើយ​ជា​សេចក្ដី​ពិត​ មិន​មែន​ជា​សេចក្ដី​ភូតភរ​ទេ​ ដូច្នេះ​ ចូរ​នៅ​ជាប់​នឹង​ព្រះអង្គ​ ដូច​ដែល​ព្រះអង្គ​បាន​បង្រៀន​អ្នក​រាល់គ្នាចុះ។​

28. ឥឡូវ​នេះ​ កូន​តូចៗ​អើយ!​ ចូរ​នៅ​ជាប់​នឹង​ព្រះអង្គ​ចុះ​ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​ នៅ​ពេល​ដែល​ព្រះអង្គ​បង្ហាញ​ខ្លួន​ ព្រម​ទាំ​ង​មិន​ខ្មាស​នៅ​ពី​មុខ​ព្រះអង្គ​ក្នុង​កាល​ដែល​ព្រះអង្គ​យាង​ត្រលប់​មក​វិញ។​

29. បើ​អ្នក​រាល់គ្នា​ដឹង​ថា​ព្រះអង្គ​សុចរិត​ នោះ​អ្នក​រាល់គ្នា​ក៏​ដឹង​ដែរ​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត​ អ្នក​ទាំងនោះ​កើត​ពី​ព្រះអង្គ។​

សូមអានជំពូកពេញលេញ ១ យ៉ូហាន 2