19. ពួកគេបានចេញពីក្នុងចំណោមយើងទៅ ប៉ុន្ដែមិនមែនជាគ្នាយើងទេ ព្រោះបើជាគ្នាយើងមែន ពួកគេនឹងនៅជាមួយយើងរហូត ប៉ុន្ដែពួកគេចេញទៅដូច្នេះ ដើម្បីបង្ហាញឲ្យឃើញថា ពួកគេទាំងអស់គ្នាមិនមែនជាគ្នាយើងទេ។
20. រីឯអ្នករាល់គ្នាវិញ បានទទួលការចាក់ប្រេងតាំងពីព្រះដ៏បរិសុទ្ធ ហើយអ្នករាល់គ្នាក៏ស្គាល់ហើយ។
21. ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់រួចហើយ ហើយគ្មានសេចក្ដីភូតភរណាចេញមកពីសេចក្ដីពិតឡើយ។
22. តើអ្នកណាជាអ្នកកុហក? គ្មាននរណាក្រៅពីអ្នកដែលបដិសេធថា ព្រះយេស៊ូមិនមែនជាព្រះគ្រិស្ដនោះទេ ហើយអ្នកដែលបដិសេធព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកប្រឆាំងព្រះគ្រិស្ដ។
23. អស់អ្នកដែលបដិសេធព្រះរាជបុត្រា នោះគ្មានព្រះវរបិតាទេ រីឯអ្នកណាដែលទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានព្រះវរបិតាដែរ។
24. ចំពោះអ្នករាល់គ្នាវិញ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក បាននៅជាប់នឹងអ្នករាល់គ្នាចុះ បើសិនជាសេចក្ដីដែលអ្នករាល់គ្នាឮតាំងពីដើមដំបូង បាននៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏នៅជាប់នឹងព្រះរាជបុត្រា និងព្រះវរបិតាដែរ។
25. នេះជាសេចក្ដីសន្យាដែលព្រះអង្គបានសន្យាជាមួយយើង គឺជាជីវិតអស់កល្បជានិច្ច។
26. ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា អំពីពួកអ្នកដែលបោកបញ្ឆោតអ្នករាល់គ្នា។
27. រីឯអ្នករាល់គ្នាវិញ ប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទៀតទេ ដ្បិតប្រេងតាំងរបស់ព្រះអង្គបង្រៀនអ្នករាល់គ្នាអំពីគ្រប់ការទាំងអស់ ហើយជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ដូច្នេះ ចូរនៅជាប់នឹងព្រះអង្គ ដូចដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាចុះ។
28. ឥឡូវនេះ កូនតូចៗអើយ! ចូរនៅជាប់នឹងព្រះអង្គចុះ ដើម្បីឲ្យយើងមានសេចក្ដីក្លាហាន នៅពេលដែលព្រះអង្គបង្ហាញខ្លួន ព្រមទាំងមិនខ្មាសនៅពីមុខព្រះអង្គក្នុងកាលដែលព្រះអង្គយាងត្រលប់មកវិញ។
29. បើអ្នករាល់គ្នាដឹងថាព្រះអង្គសុចរិត នោះអ្នករាល់គ្នាក៏ដឹងដែរថា អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត អ្នកទាំងនោះកើតពីព្រះអង្គ។