17. ហើយលោកិយ និងសេចក្ដីប៉ងប្រាថ្នារបស់លោកិយនេះកំពុងរលាយបាត់ទៅ ប៉ុន្ដែអ្នកណាដែលធ្វើតាមបំណងរបស់ព្រះជាម្ចាស់នឹងស្ថិតនៅអស់កល្បជានិច្ច។
18. ក្មេងរាល់គ្នាអើយ! ឥឡូវនេះជាគ្រាចុងក្រោយ ហើយដូចដែលអ្នករាល់គ្នាបានឮរួចហើយថា អ្នកប្រឆាំងព្រះគ្រិស្ដនឹងមក ឥឡូវនេះមានពួកអ្នកប្រឆាំងព្រះគ្រិស្ដជាច្រើនបានមកមែន ដូច្នេះយើងដឹងថា នេះជាគ្រាចុងក្រោយហើយ។
19. ពួកគេបានចេញពីក្នុងចំណោមយើងទៅ ប៉ុន្ដែមិនមែនជាគ្នាយើងទេ ព្រោះបើជាគ្នាយើងមែន ពួកគេនឹងនៅជាមួយយើងរហូត ប៉ុន្ដែពួកគេចេញទៅដូច្នេះ ដើម្បីបង្ហាញឲ្យឃើញថា ពួកគេទាំងអស់គ្នាមិនមែនជាគ្នាយើងទេ។
20. រីឯអ្នករាល់គ្នាវិញ បានទទួលការចាក់ប្រេងតាំងពីព្រះដ៏បរិសុទ្ធ ហើយអ្នករាល់គ្នាក៏ស្គាល់ហើយ។
21. ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់រួចហើយ ហើយគ្មានសេចក្ដីភូតភរណាចេញមកពីសេចក្ដីពិតឡើយ។
22. តើអ្នកណាជាអ្នកកុហក? គ្មាននរណាក្រៅពីអ្នកដែលបដិសេធថា ព្រះយេស៊ូមិនមែនជាព្រះគ្រិស្ដនោះទេ ហើយអ្នកដែលបដិសេធព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកប្រឆាំងព្រះគ្រិស្ដ។
23. អស់អ្នកដែលបដិសេធព្រះរាជបុត្រា នោះគ្មានព្រះវរបិតាទេ រីឯអ្នកណាដែលទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានព្រះវរបិតាដែរ។
24. ចំពោះអ្នករាល់គ្នាវិញ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក បាននៅជាប់នឹងអ្នករាល់គ្នាចុះ បើសិនជាសេចក្ដីដែលអ្នករាល់គ្នាឮតាំងពីដើមដំបូង បាននៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏នៅជាប់នឹងព្រះរាជបុត្រា និងព្រះវរបិតាដែរ។
25. នេះជាសេចក្ដីសន្យាដែលព្រះអង្គបានសន្យាជាមួយយើង គឺជាជីវិតអស់កល្បជានិច្ច។
26. ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា អំពីពួកអ្នកដែលបោកបញ្ឆោតអ្នករាល់គ្នា។