គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 2:14-24 Khmer Christian Bible (KCB)

14. ក្មេង​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះវរបិតា​ហើយ‍។​ ឪពុក​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​ដើម​ដំបូង​មក។​ កំលោះ​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​មាន​កម្លាំង​ ហើយ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​បាន​ឈ្នះ​អារក្ស​សាតាំង​ហើយ។​

15. កុំ​ស្រឡាញ់​លោកិយ​ ឬ​អ្វីៗ​នៅ​ក្នុង​លោកិយ​នេះ​ បើ​អ្នក​ណា​ស្រឡាញ់​លោកិយ​ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ។​

16. ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​លោកិយ​ ដូចជា​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក​ និង​អំនួត​នៅ​ក្នុង​ជីវិត‍​ នោះ​មិន​មែន​មក​ពី​ព្រះវរបិតា​ទេ​ គឺ​មក​ពី​លោកិយ​វិញ​

17. ហើយ​លោកិយ​ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​លោកិយ​នេះ​កំពុង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​នឹង​ស្ថិត​នៅ​អស់កល្ប​ជានិច្ច។​

18. ក្មេង​រាល់គ្នា​អើយ!​ ឥឡូវ​នេះ​ជា​គ្រា​ចុងក្រោយ​ ហើយ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​ហើយ​ថា​ អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​នឹង​មក​ ឥឡូវ​នេះ​មាន​ពួក​អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​ជា​ច្រើន​បាន​មក​មែន​ ដូច្នេះ​យើង​ដឹង​ថា​ នេះ​ជា​គ្រា​ចុងក្រោយ​ហើយ។​

19. ពួកគេ​បាន​ចេញ​ពី​ក្នុង​ចំណោម​យើង​ទៅ​ ប៉ុន្ដែ​មិន​មែន​ជា​គ្នា​យើង​ទេ​ ព្រោះ​បើ​ជា​គ្នា​យើង​មែន​ ពួកគេ​នឹង​នៅ​ជាមួយ​យើង​រហូត​ ប៉ុន្ដែ​ពួកគេ​ចេញ​ទៅ​ដូច្នេះ​ ដើម្បី​បង្ហាញ​ឲ្យឃើញ​ថា​ ពួកគេ​ទាំង​អស់​គ្នា​មិន​មែន​ជា​គ្នា​យើង​ទេ។​

20. រីឯ​អ្នក​រាល់គ្នា​វិញ​ បាន​ទទួល​ការ​ចាក់​ប្រេង​តាំង​ពី​ព្រះ​ដ៏​បរិសុទ្ធ​ ហើយ​អ្នក​រាល់គ្នា​ក៏​ស្គាល់​ហើយ។​

21. ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​រួច​ហើយ​ ហើយ​គ្មាន​សេចក្ដី​ភូត​ភរ​ណា​ចេញ​មក​ពី​សេចក្ដី​ពិត​ឡើយ។​

22. តើ​អ្នក​ណា​ជា​អ្នក​កុហក‍?​ គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​ថា​ ព្រះយេស៊ូ​មិន​មែន​ជា​ព្រះគ្រិស្ដ​នោះ​ទេ​ ហើយ​អ្នក​ដែល​បដិសេធ​ព្រះវរបិតា​ និង​ព្រះរាជ​បុត្រា​ អ្នក​នោះ​ហើយ​ជា​អ្នក​ប្រឆាំង​ព្រះគ្រិស្ដ។​

23. អស់​អ្នក​ដែល​បដិសេធ​ព្រះរាជ​បុត្រា​ នោះ​គ្មាន​ព្រះវរបិតា​ទេ​ រីឯ​អ្នក​ណា​ដែល​ទទួល​ស្គាល់​ព្រះរាជ​បុត្រា​ នោះ​ក៏​មាន​ព្រះវរបិតា​ដែរ។​

24. ចំពោះ​អ្នក​រាល់គ្នា​វិញ​ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​មក​ បាន​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​ចុះ​ បើ​សិន​ជា​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ឮ​តាំង​ពី​ដើម​ដំបូង​ បាន​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​មែន​ នោះ​អ្នក​រាល់គ្នា​ក៏​នៅ​ជាប់​នឹង​ព្រះរាជ​បុត្រា​ និង​ព្រះវរបិតា​ដែរ។​

សូមអានជំពូកពេញលេញ ១ យ៉ូហាន 2