1. កូនតូចៗរបស់ខ្ញុំអើយ! ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដបាប ផ្ទុយទៅវិញ បើអ្នកណាម្នាក់ប្រព្រឹត្ដបាប នោះយើងមានអ្នកជំនួយម្នាក់នៅចំពោះព្រះវរបិតា គឺព្រះយេស៊ូគ្រិស្ដជាព្រះដ៏សុចរិត
2. ព្រះអង្គជាយញ្ញបូជាប្រោសលោះសម្រាប់បាបរបស់យើង ហើយមិនមែនសម្រាប់តែបាបរបស់យើងប៉ុណ្ណោះទេ គឺសម្រាប់បាបរបស់ពិភពលោកទាំងមូលដែរ។
3. យើងដឹងថា យើងបានស្គាល់ព្រះអង្គដោយសារសេចក្ដីនេះ គឺបើយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ។
4. អ្នកណានិយាយថាខ្ញុំបានស្គាល់ព្រះអង្គហើយ ប៉ុន្ដែមិនកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ អ្នកនោះជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ
5. ផ្ទុយទៅវិញ អ្នកណាកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ យើងដឹងថា យើងនៅក្នុងព្រះអង្គដោយសារសេចក្ដីនេះ
6. គឺអ្នកណាដែលនិយាយថា ខ្លួននៅក្នុងព្រះអង្គ អ្នកនោះត្រូវរស់នៅដូចព្រះអង្គរស់នៅដែរ។
7. បងប្អូនជាទីស្រឡាញ់អើយ! ខ្ញុំមិនបានសរសេរបញ្ញត្ដិថ្មីមកអ្នករាល់គ្នាទេ ប៉ុន្ដែជាបញ្ញត្ដិចាស់ដែលអ្នករាល់គ្នាមានតាំងពីដើមដំបូងមក។ បញ្ញត្ដិចាស់នោះជាព្រះបន្ទូលដែលអ្នករាល់គ្នាបានឮរួចហើយ។