គម្ពីរសញ្ញាថ្មី

១ ពេត្រុស 4:2-12 Khmer Christian Bible (KCB)

2. ដើម្បី​ឲ្យ​អំឡុង​ពេល​រស់នៅ​ខាង​សាច់ឈាម​ដែល​នៅ​សល់​នេះ​ លែង​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​ទៀត​ ប៉ុន្ដែ​រស់នៅ​តាម​បំណង​របស់​ព្រះជាម្ចាស់​វិញ។​

3. រយៈ​ពេល​កន្លង​មក​ដែល​អ្នក​រាល់គ្នា​បាន​ប្រព្រឹត្ដ​តាម​បំណង​របស់​សាសន៍​ដទៃ​ គឺ​បណ្ដោយ​តាម​ការ​ល្មោភ​កាម​ សេចក្ដីប៉ង​ប្រាថ្នា​អាក្រក់​ ប្រមឹក​ ស៊ីផឹក​អ៊ូអែ ​ប្រកួត​គ្នា​ផឹក​ និង​ថ្វាយបង្គំ​រូបព្រះ​ដែល​គួរ​ឲ្យ​ស្អប់​ នោះ​ល្មម​ហើយ។​

4. ពួកគេ​ងឿងឆ្ងល់​ដែល​អ្នក​រាល់គ្នា​មិន​រត់​តាម​សេចក្ដី​ខិលខូច​ហួស​ហេតុ​ដូច​ពួកគេ​ ដូច្នេះ​ក៏​និយាយ​ប្រមាថ​អ្នក​រាល់គ្នា​

5. ប៉ុន្ដែ​ពួកគេ​នឹង​ត្រូវ​រាយរាប់​ប្រាប់​ព្រះ​មួយ​អង្គ​ដែល​បាន​ត្រៀម​ជំនុំជម្រះ​ទាំង​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់។​

6. ហេតុនេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​ត្រូវ​បាន​ប្រកាស​ប្រាប់​មនុស្ស​ស្លាប់​ដែរ​ ដើម្បី​ឲ្យ​គេ​ជាប់​ជំនុំ​ជម្រះ​ដូច​មនុស្ស​ខាង​ឯ​សាច់ឈាម​ ប៉ុន្ដែ​ឲ្យគេ​មាន​ជីវិត​ខាង​ឯ​វិញ្ញាណ​ដូច​ព្រះជាម្ចាស់​វិញ។​

7. ឥឡូវ​នេះ​ ទីបញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​ជិត​មក​ដល់​ហើយ​ ដូច្នេះ​ ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ ហើយ​កុំ​ភ្លេច​ខ្លួន​នឹង​អធិស្ឋាន​ឡើយ។​

8. មុន​ដំបូង​បង្អស់​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​យ៉ាង​អស់​ពី​ចិត្ដ​ ព្រោះ​សេចក្ដី​ស្រឡាញ់​គ្របបាំង​បាប​ដ៏​ច្រើន​សន្ធឹក។​

9. ចូរ​ចេះ​រាក់ទាក់​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥត​ត្អូញត្អែរ​ឡើយ​

10. ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅមក​ទៅ​តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល​ ទុក​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ដ៏​ល្អ​លើ​ព្រះគុណ​ផ្សេងៗ​របស់​ព្រះជាម្ចាស់។​

11. បើ​អ្នកណា​និយាយ​ ចូរ​និយាយ​ដូច​ជា​កំពុង​និយាយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ បើ​អ្នកណា​បម្រើ​ ចូរ​បម្រើ​តាម​កម្លាំង​ដែល​ព្រះជាម្ចាស់​ផ្គត់ផ្គង់​ឲ្យ​ ដើម្បី​ឲ្យ​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ សូម​ឲ្យ​ព្រះអង្គ​មាន​សិរី​រុងរឿង​ និង​ព្រះចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​

12. បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​អ្នក​រាល់គ្នា​កុំ​ប្លែក​ចិត្ដ​នឹង​សេចក្ដី​ល្បួង​ដ៏​ឈឺចាប់​ ដែល​កំពុង​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដើម្បី​ល្បងល​នោះ​ ប្រៀប​ដូច​ជា​រឿង​ចម្លែក​មួយ​កើត​ឡើង​ចំពោះ​អ្នក​រាល់គ្នា​ឡើយ​

សូមអានជំពូកពេញលេញ ១ ពេត្រុស 4