10. ចូរបម្រើគ្នាទៅវិញទៅមកទៅតាមអំណោយទានដែលម្នាក់ៗបានទទួល ទុកជាអ្នកមើលការខុសត្រូវដ៏ល្អលើព្រះគុណផ្សេងៗរបស់ព្រះជាម្ចាស់។
11. បើអ្នកណានិយាយ ចូរនិយាយដូចជាកំពុងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកណាបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្គត់ផ្គង់ឲ្យ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ សូមឲ្យព្រះអង្គមានសិរីរុងរឿង និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។
12. បងប្អូនជាទីស្រឡាញ់អើយ! ចូរអ្នករាល់គ្នាកុំប្លែកចិត្ដនឹងសេចក្ដីល្បួងដ៏ឈឺចាប់ ដែលកំពុងកើតមានក្នុងចំណោមអ្នករាល់គ្នាដើម្បីល្បងលនោះ ប្រៀបដូចជារឿងចម្លែកមួយកើតឡើងចំពោះអ្នករាល់គ្នាឡើយ
13. ផ្ទុយទៅវិញ ចូរមានអំណរ ពីព្រោះអ្នករាល់គ្នាមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រិស្ដ ដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ហើយរីករាយជាខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។
14. បើអ្នករាល់គ្នាត្រូវគេដៀលត្មះ ដោយព្រោះព្រះនាមរបស់ព្រះគ្រិស្ដ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង ដែលជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើអ្នករាល់គ្នា។
15. ដូច្នេះ កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាត្រូវរងទុក្ខដោយព្រោះតែជាឃាតករ ជាចោរ ជាអ្នកប្រព្រឹត្ដអាក្រក់ ឬជាអ្នកជ្រៀតជ្រែកបញ្ហារបស់អ្នកដទៃឡើយ
16. ប៉ុន្ដែបើត្រូវរងទុក្ខដោយព្រោះតែជាគ្រិស្ដបរិស័ទ នោះចូរកុំខ្មាស់ឡើយ ផ្ទុយទៅវិញ ចូរសរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះតែឈ្មោះនេះចុះ
17. ដ្បិតពេលវេលាជំនុំជម្រះត្រូវចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ហើយបើការជំនុំជម្រះចាប់ផ្ដើមពីយើងមុនគេនោះ តើទីបញ្ចប់របស់ពួកអ្នកមិនជឿដំណឹងល្អរបស់ព្រះជាម្ចាស់ទៅជាយ៉ាងណាវិញ?
18. បើមនុស្សសុចរិតទទួលបានសេចក្ដីសង្គ្រោះដោយពិបាកទៅហើយ តើពួកអ្នកមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងពួកមនុស្សបាបនឹងលេចមកនៅកន្លែងណា?
19. ដូច្នេះ អ្នកដែលរងទុក្ខតាមបំណងរបស់ព្រះជាម្ចាស់ ត្រូវប្រគល់ព្រលឹងរបស់ខ្លួនទុកនឹងព្រះដ៏ស្មោះត្រង់ដែលបង្កើតអ្វីៗទាំងអស់ ទាំងប្រព្រឹត្ដការល្អចុះ។