1. ដូច្នេះ ដោយព្រះគ្រិស្ដបានរងទុក្ខខាងសាច់ឈាមរួចហើយ នោះអ្នករាល់គ្នាក៏ត្រូវពាក់គ្រឿងសឹកផ្ទាល់ទាំងមានគំនិតដូច្នោះដែរ ព្រោះអ្នកដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះឈប់ពាក់ព័ន្ធនឹងបាបទៀតហើយ
2. ដើម្បីឲ្យអំឡុងពេលរស់នៅខាងសាច់ឈាមដែលនៅសល់នេះ លែងរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀត ប៉ុន្ដែរស់នៅតាមបំណងរបស់ព្រះជាម្ចាស់វិញ។
3. រយៈពេលកន្លងមកដែលអ្នករាល់គ្នាបានប្រព្រឹត្ដតាមបំណងរបស់សាសន៍ដទៃ គឺបណ្ដោយតាមការល្មោភកាម សេចក្ដីប៉ងប្រាថ្នាអាក្រក់ ប្រមឹក ស៊ីផឹកអ៊ូអែ ប្រកួតគ្នាផឹក និងថ្វាយបង្គំរូបព្រះដែលគួរឲ្យស្អប់ នោះល្មមហើយ។
4. ពួកគេងឿងឆ្ងល់ដែលអ្នករាល់គ្នាមិនរត់តាមសេចក្ដីខិលខូចហួសហេតុដូចពួកគេ ដូច្នេះក៏និយាយប្រមាថអ្នករាល់គ្នា
5. ប៉ុន្ដែពួកគេនឹងត្រូវរាយរាប់ប្រាប់ព្រះមួយអង្គដែលបានត្រៀមជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់។
6. ហេតុនេះហើយបានជាដំណឹងល្អត្រូវបានប្រកាសប្រាប់មនុស្សស្លាប់ដែរ ដើម្បីឲ្យគេជាប់ជំនុំជម្រះដូចមនុស្សខាងឯសាច់ឈាម ប៉ុន្ដែឲ្យគេមានជីវិតខាងឯវិញ្ញាណដូចព្រះជាម្ចាស់វិញ។
7. ឥឡូវនេះ ទីបញ្ចប់នៃអ្វីៗទាំងអស់ជិតមកដល់ហើយ ដូច្នេះ ចូរមានគំនិតត្រឹមត្រូវ ហើយកុំភ្លេចខ្លួននឹងអធិស្ឋានឡើយ។
8. មុនដំបូងបង្អស់ ចូរឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្ដ ព្រោះសេចក្ដីស្រឡាញ់គ្របបាំងបាបដ៏ច្រើនសន្ធឹក។
9. ចូរចេះរាក់ទាក់គ្នាទៅវិញទៅមកដោយឥតត្អូញត្អែរឡើយ
10. ចូរបម្រើគ្នាទៅវិញទៅមកទៅតាមអំណោយទានដែលម្នាក់ៗបានទទួល ទុកជាអ្នកមើលការខុសត្រូវដ៏ល្អលើព្រះគុណផ្សេងៗរបស់ព្រះជាម្ចាស់។
11. បើអ្នកណានិយាយ ចូរនិយាយដូចជាកំពុងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកណាបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្គត់ផ្គង់ឲ្យ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ សូមឲ្យព្រះអង្គមានសិរីរុងរឿង និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។
12. បងប្អូនជាទីស្រឡាញ់អើយ! ចូរអ្នករាល់គ្នាកុំប្លែកចិត្ដនឹងសេចក្ដីល្បួងដ៏ឈឺចាប់ ដែលកំពុងកើតមានក្នុងចំណោមអ្នករាល់គ្នាដើម្បីល្បងលនោះ ប្រៀបដូចជារឿងចម្លែកមួយកើតឡើងចំពោះអ្នករាល់គ្នាឡើយ