គម្ពីរសញ្ញាថ្មី

១ ពេត្រុស 3:13-22 Khmer Christian Bible (KCB)

13. បើ​អ្នក​រាល់គ្នា​មាន​ចិត្ដ​ប្ដូរផ្ដាច់​ប្រព្រឹត្ដ​ល្អ​ តើ​អ្នកណា​នឹង​ធ្វើបាប​អ្នក​រាល់គ្នា?​

14. ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​រងទុក្ខ​ដោយ​ព្រោះ​សេចក្ដី​សុចរិត​មែន​ អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ចូរ​កុំ​ភ័យ​ខ្លាច​ចំពោះ​ការ​បំភ័យ​របស់​គេ​ ឬ​ ជ្រួលច្របល់​ឡើយ​

15. ផ្ទុយ​ទៅ​វិញ​ ចូរ​ទុក​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​នៅ​ក្នុង​ចិត្ដ​របស់​អ្នករាល់​គ្នា​ចុះ​ ហើយ​ចូរ​ប្រុងប្រៀប​ជានិច្ច​ ដើម្បី​ឆ្លើយ​ការពារ​ទៅ​កាន់​អស់អ្នក​ដែល​សុំអ្នកឲ្យ​រាយរាប់​ប្រាប់​ពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់គ្នា​

16. ប៉ុន្ដែ​ចូរ​ឆ្លើយ​ប្រាប់​គេ​ដោយ​ទន់ភ្លន់​ និង​ដោយ​គោរព​កោតខ្លាច​ ហើយ​ត្រូវ​មាន​មនសិការ​ល្អ ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ត្រង់​ចំណុច​ណា​មួយ​នោះ​ត្រូវ​អាម៉ាស់​មុខ​ គឺ​ពួកអ្នក​ដែល​និយាយ​បង្ខូច​អំពី​អាកប្ប​កិរិយា​ល្អ​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​

17. ដ្បិត​បើ​ជា​បំណង​របស់​ព្រះជាម្ចាស់​មែន​ នោះ​ស៊ូ​រងទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ដ​ល្អ​ ប្រសើរ​ជាង​ប្រព្រឹត្ដ​អាក្រក់។​

18. ដ្បិត​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​ម្ដង​ដោយ​ព្រោះ​បាប​ដែរ​ គឺ​ព្រះអង្គ​សុចរិត​បាន​សោយ​ទិវង្គត​ជំនួស​មនុស្ស​ទុច្ចរិត​ ដើម្បី​ឲ្យ​ព្រះអង្គ​នាំ​អ្នក​រាល់គ្នា​ទៅ‍​ឯ​ព្រះជាម្ចាស់​ ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ខាង‍​ឯ​សាច់ឈាម​ ប៉ុន្ដែ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ខាង​ឯ​ព្រះវិញ្ញាណ​

19. ដោយ​សារ​ព្រះវិញ្ញាណ​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ​បន្ទូល​ប្រាប់​វិញ្ញាណ​ទាំង​ឡាយ​ដែល​ជាប់​ឃុំឃាំង​

20. គឺ​ជា​ពួកអ្នក​មិន​ស្ដាប់បង្គាប់​កាល​ពីដើម​ នៅ​ពេល​ដែល​ព្រះជាម្ចាស់​បាន​រង់ចាំ​ដោយ​អត់ធ្មត់​នៅ​ជំនាន់​លោក​ណូអេ​ ពេល​ដែល​ទូក​ធំ​កំពុង​សាងសង់​ ហើយ​នៅ​ក្នុង​ទូក​ធំ​មាន​មនុស្ស​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​ គឺ​មាន​មនុស្ស​ប្រាំបី​នាក់​ ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក។

21. នេះ​ជា​គំរូ​អំពី​ពិធី​ជ្រមុជ​ដែល​បាន​សង្គ្រោះ​អ្នក​រាល់គ្នា​ឥឡូវ​នេះ​ដែរ​ ដោយសារ​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ មិន​មែនជា​ការ​លាង​សំអាត​ភាពស្មោក​គ្រោក​របស់​រូបកាយ​ទេ​ ផ្ទុយ​ទៅ​វិញ​ជា​ការ​ឆ្លើយតប​ចេញ​ពី​មនសិការ​ល្អ​ចំពោះ​ព្រះជាម្ចាស់​

22. ព្រះយេស៊ូ​នេះ​ហើយ​ដែល​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​ គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ទេវតា​ សិទ្ធិ​អំណាច​ និង​អំណាច​ទាំងឡាយបាន​ចុះ​ចូល​នឹង​ព្រះអង្គ​ផង​ដែរ។​

សូមអានជំពូកពេញលេញ ១ ពេត្រុស 3