គម្ពីរសញ្ញាថ្មី

១ ពេត្រុស 3:10-18 Khmer Christian Bible (KCB)

10. ដ្បិត​អ្នក​ដែល​ស្រឡាញ់​ជីវិត​ ហើយ​ចង់​ឃើញ​ថ្ងៃ​ល្អ​ អ្នក​នោះ​ត្រូវ​ចេះ​ទប់​អណ្ដាត​ខ្លួន​ កុំ​ឲ្យ​និយាយ​អាក្រក់​ ព្រមទាំង​ទប់​បបូរ​មាត់​ខ្លួន​ កុំ​ឲ្យ​ពោល​ពាក្យ​បោក​ប្រាស់​ឡើយ។​

11. ចូរ​ឲ្យ​អ្នក​នោះ​ចៀស​វាង​ពី​ការ​អាក្រក់​ ហើយ​ប្រព្រឹត្ដ​ល្អ​វិញ​ ចូរ​ឲ្យ​អ្នក​នោះ​ស្វែងរក​ ព្រមទាំង​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ចុះ។​

12. ដ្បិត​ព្រះនេត្រ​របស់​ព្រះអម្ចាស់​ទត​មើល​មនុស្ស​សុចរិត​ ឯ​ព្រះកាណ៌​របស់​ព្រះអង្គ​ក៏​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​គេ​ដែរ​ ប៉ុន្ដែ​ព្រះភក្ដ្រ​របស់​ព្រះអង្គ​ប្រឆាំង​នឹង​ពួកអ្នក​ប្រព្រឹត្ដ​អាក្រក់​វិញ។​

13. បើ​អ្នក​រាល់គ្នា​មាន​ចិត្ដ​ប្ដូរផ្ដាច់​ប្រព្រឹត្ដ​ល្អ​ តើ​អ្នកណា​នឹង​ធ្វើបាប​អ្នក​រាល់គ្នា?​

14. ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​រងទុក្ខ​ដោយ​ព្រោះ​សេចក្ដី​សុចរិត​មែន​ អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ចូរ​កុំ​ភ័យ​ខ្លាច​ចំពោះ​ការ​បំភ័យ​របស់​គេ​ ឬ​ ជ្រួលច្របល់​ឡើយ​

15. ផ្ទុយ​ទៅ​វិញ​ ចូរ​ទុក​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​នៅ​ក្នុង​ចិត្ដ​របស់​អ្នករាល់​គ្នា​ចុះ​ ហើយ​ចូរ​ប្រុងប្រៀប​ជានិច្ច​ ដើម្បី​ឆ្លើយ​ការពារ​ទៅ​កាន់​អស់អ្នក​ដែល​សុំអ្នកឲ្យ​រាយរាប់​ប្រាប់​ពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់គ្នា​

16. ប៉ុន្ដែ​ចូរ​ឆ្លើយ​ប្រាប់​គេ​ដោយ​ទន់ភ្លន់​ និង​ដោយ​គោរព​កោតខ្លាច​ ហើយ​ត្រូវ​មាន​មនសិការ​ល្អ ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ត្រង់​ចំណុច​ណា​មួយ​នោះ​ត្រូវ​អាម៉ាស់​មុខ​ គឺ​ពួកអ្នក​ដែល​និយាយ​បង្ខូច​អំពី​អាកប្ប​កិរិយា​ល្អ​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​

17. ដ្បិត​បើ​ជា​បំណង​របស់​ព្រះជាម្ចាស់​មែន​ នោះ​ស៊ូ​រងទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ដ​ល្អ​ ប្រសើរ​ជាង​ប្រព្រឹត្ដ​អាក្រក់។​

18. ដ្បិត​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​ម្ដង​ដោយ​ព្រោះ​បាប​ដែរ​ គឺ​ព្រះអង្គ​សុចរិត​បាន​សោយ​ទិវង្គត​ជំនួស​មនុស្ស​ទុច្ចរិត​ ដើម្បី​ឲ្យ​ព្រះអង្គ​នាំ​អ្នក​រាល់គ្នា​ទៅ‍​ឯ​ព្រះជាម្ចាស់​ ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ខាង‍​ឯ​សាច់ឈាម​ ប៉ុន្ដែ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ខាង​ឯ​ព្រះវិញ្ញាណ​

សូមអានជំពូកពេញលេញ ១ ពេត្រុស 3