គម្ពីរសញ្ញាថ្មី

១ ពេត្រុស 3:1-8 Khmer Christian Bible (KCB)

1. រីឯ​ប្រពន្ធ​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ត្រូវ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ ទោះបី​ប្ដីនោះ​មិន​ស្ដាប់បង្គាប់​ព្រះបន្ទូល​ក៏​ដោយ​ ក៏​គង់​តែ​អាច​ទាក់ទាញ​ចិត្ដ​ប្ដីរបស់​ខ្លួន​បាន​តាមរយៈ​អាកប្ប​កិរិយា​ដែល​គ្មាន​សំដី​របស់​ប្រពន្ធ​

2. ព្រោះ​គេ​បាន​សង្កេត​ឃើញ​អាកប្បកិរិយា​បរិសុទ្ធ​របស់​អ្នក​រាល់គ្នា​ ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​

3. ចូរ​កុំ​តុបតែង​ខ្លួន​តែ​សំបក​ក្រៅ​ ដូច​ជា​ក្រងសក់​ ពាក់​មាស​ និង​ស្លៀក​សម្លៀក​បំពាក់​ផ្សេងៗ​នោះ​ឡើយ​

4. ផ្ទុយ​ទៅ​វិញ​ ចូរ​តុបតែង​មនុស្ស​ខាង​ក្នុង​ចិត្ត​ ដោយ​គ្រឿង​ដែល​មិន​ពុករលួយ​ គឺ​ដោយ​វិញ្ញាណ​ស្លូតបូត​ និង​ស្រគត់ស្រគំ​ ដែល​មាន​តម្លៃ​បំផុត​នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះជាម្ចាស់។​

5. ដ្បិត​កាល​ពីដើម​ ពួក​ស្ដ្រី​បរិសុទ្ធ​ដែល​សង្ឃឹម​លើ​ព្រះជាម្ចាស់ក៏​បាន​តុប​តែង​ខ្លួន​របៀប​នេះ​ ទាំង​ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន​ដែរ​

6. ដូច​ជា​សារ៉ា​បាន​ស្ដាប់បង្គាប់​លោក​អ័ប្រាហាំ​ ព្រមទាំង​ហៅ​គាត់​ថា​ លោកម្ចាស់​ ទៀត​ផង។​ អ្នក​រាល់គ្នា​បាន​ត្រលប់​ជា​កូន​របស់​សារ៉ា​ បើ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​ល្អ​ ដោយ​ឥត​ភ័យខ្លាច​ចំពោះ​ការ​បំភ័យ​ណា​មួយ​នោះ។​

7. រី‍ឯ​ប្ដី​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ត្រូវ​រស់នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន​ដោយ​យល់​ថា​មនុស្ស​ស្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង​ ហើយ​ចូរ​ផ្ដល់​កិត្ដិយស​ដល់​នាង​ទុក​ជា​អ្នក​រួម​ទទួលម​រតក​ព្រះគុណ​នៃ​ជីវិត​ ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​បង្អាក់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់គ្នា​ឡើយ។​

8. នៅ​ទី​បញ្ចប់​នេះ​ ចូរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​តែ​មួយ​ មាន​ចិត្ដ​អាណិត​អាសូរ​ មាន​ចិត្ដ​ស្រឡាញ់​គ្នា​ដូច​ជា​បងប្អូន​ ចិត្ដ​សន្ដោស​ និង​ចិត្ត​សុភាព​ចុះ‍។​

សូមអានជំពូកពេញលេញ ១ ពេត្រុស 3