គម្ពីរសញ្ញាថ្មី

១ ពេត្រុស 2:4-11 Khmer Christian Bible (KCB)

4. ចូល​មក​ឯ​ព្រះអង្គ​ គឺ​ជា​ថ្ម​ដ៏​រស់​ដែល​ត្រូវ​មនុស្ស​បោះបង់​ចោល​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ ព្រោះ​មាន​តម្លៃ។​

5. អ្នក​រាល់គ្នា​ក៏​ដូច​ជា​ថ្ម​ដ៏​រស់​ដែរ​ កំពុង​តែ​បាន​សង់​ឡើង​ឲ្យ​ទៅ​ជា​ដំណាក់​ខាង​វិញ្ញាណ​ និង​ជា​សង្ឃ​ដ៏​បរិសុទ្ធ​ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាង​វិញ្ញាណ​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​

6. ដ្បិត​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​បទ​គម្ពីរ​ថា៖​ «មើល៍​ យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន​ ជា​ថ្ម​នៅ​តាម​ជ្រុង​ដ៏​មាន​តម្លៃ​ដែល​បាន​ជ្រើស​រើស​ ហើយ​អ្នកណា​ជឿ​លើ​ថ្ម​នោះ​ អ្នក​នោះ​នឹង​មិនត្រូវ​ខកចិត្ដ​ឡើយ»។​

7. ដូច្នេះ​ ថ្ម​នេះ​មាន​តម្លៃ​សម្រាប់​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​ជឿ​ ប៉ុន្ដែ​សម្រាប់​អ្នក​មិន​ជឿ​វិញ​ ថ្ម​នេះ​ជា​ថ្ម​ដែល​ជាង​សំណង់​បោះបង់​ចោល​ នោះ​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​

8. ជា​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់​ដួល​ ហើយ​ជា​ផ្ទាំង​ថ្ម​ដែល​ធ្វើ​ឲ្យ​រវាត​ចិត្ដ​ ហើយ​គេ​ជំពប់​ដួល​ ពី​ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់​តាម​ព្រះបន្ទូល​ ដោយ​ព្រោះ​ពួកគេ​ត្រូវ​បាន​កំណត់​ទុក​សម្រាប់​ការ​នោះ​ឯង។​

9. រីឯ​អ្នក​រាល់គ្នា​ជា​ពូជ​ដែល​បាន​ជ្រើសរើស​ ជា​សង្ឃហ្លួង​ ជា​ជនជាតិ​បរិសុទ្ធ​ ជា​ប្រជារាស្ដ្រ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះជា​ម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រកាស​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ហៅ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​

10. កាល​ពីដើម​ អ្នក​រាល់គ្នា​មិន​មែន​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​ពីដើម​អ្នក​រាល់គ្នា​មិន​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​បាន​ទទួល​ហើយ។​

11. បងប្អូន​ជាទី​ស្រឡាញ់​អើយ​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ដែល​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់នៅ​បណ្ដោះអាសន្ន​ថា​ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ដែល​ទាស់​នឹង​ព្រលឹង​

សូមអានជំពូកពេញលេញ ១ ពេត្រុស 2