3. ដ្បិតអ្នករាល់គ្នាបានភ្លក់ហើយថា ព្រះអម្ចាស់ល្អ។
4. ចូលមកឯព្រះអង្គ គឺជាថ្មដ៏រស់ដែលត្រូវមនុស្សបោះបង់ចោល ប៉ុន្ដែព្រះជាម្ចាស់បានជ្រើសរើស ព្រោះមានតម្លៃ។
5. អ្នករាល់គ្នាក៏ដូចជាថ្មដ៏រស់ដែរ កំពុងតែបានសង់ឡើងឲ្យទៅជាដំណាក់ខាងវិញ្ញាណ និងជាសង្ឃដ៏បរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដ
6. ដ្បិតមានសេចក្ដីចែងទុកនៅក្នុងបទគម្ពីរថា៖ «មើល៍ យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មនៅតាមជ្រុងដ៏មានតម្លៃដែលបានជ្រើសរើស ហើយអ្នកណាជឿលើថ្មនោះ អ្នកនោះនឹងមិនត្រូវខកចិត្ដឡើយ»។
7. ដូច្នេះ ថ្មនេះមានតម្លៃសម្រាប់អ្នករាល់គ្នាដែលជាអ្នកជឿ ប៉ុន្ដែសម្រាប់អ្នកមិនជឿវិញ ថ្មនេះជាថ្មដែលជាងសំណង់បោះបង់ចោល នោះត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង
8. ជាថ្មដែលនាំឲ្យជំពប់ដួល ហើយជាផ្ទាំងថ្មដែលធ្វើឲ្យរវាតចិត្ដ ហើយគេជំពប់ដួល ពីព្រោះគេមិនស្ដាប់បង្គាប់តាមព្រះបន្ទូល ដោយព្រោះពួកគេត្រូវបានកំណត់ទុកសម្រាប់ការនោះឯង។
9. រីឯអ្នករាល់គ្នាជាពូជដែលបានជ្រើសរើស ជាសង្ឃហ្លួង ជាជនជាតិបរិសុទ្ធ ជាប្រជារាស្ដ្រដែលជាកម្មសិទ្ធិផ្ទាល់របស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលព្រះអង្គបានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ
10. កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយពីដើមអ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្ដាករុណាទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានទទួលហើយ។
11. បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាដែលជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នថា ចូរចៀសចេញពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមដែលទាស់នឹងព្រលឹង
12. ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
13. ដោយព្រោះព្រះអម្ចាស់ ចូរចុះចូលនឹងអំណាចទាំងអស់របស់មនុស្ស មិនថាចំពោះស្ដេចដែលមានអំណាចឧត្ដម
14. ឬលោកអភិបាលដែលស្ដេចបានចាត់ឲ្យដាក់ទោសពួកអ្នកប្រព្រឹត្ដអាក្រក់ និងសរសើរពួកអ្នកប្រព្រឹត្ដល្អនោះទេ
15. ដ្បិតការបិទមាត់មនុស្សល្ងង់ខ្លៅដោយការប្រព្រឹត្ដិល្អជាបំណងរបស់ព្រះជាម្ចាស់។
16. ចូរប្រព្រឹត្ដឲ្យសមជាមនុស្សមានសេរីភាព ប៉ុន្ដែមិនត្រូវប្រើសេរីភាពនោះបិទបាំងសេចក្ដីអាក្រក់ឡើយ ផ្ទុយទៅវិញត្រូវប្រព្រឹត្ដឲ្យសមជាបាវបម្រើរបស់ព្រះជាម្ចាស់។
17. ចូរគោរពមនុស្សទាំងអស់ ចូរស្រឡាញ់គ្នាជាបងប្អូន ចូរកោតខ្លាចព្រះជាម្ចាស់ ហើយគោរពស្ដេចផង។
18. ឱបាវបម្រើរាល់គ្នាអើយ! ចូរចុះចូលនឹងចៅហ្វាយរបស់អ្នករាល់គ្នាដោយកោតខ្លាចគ្រប់បែបយ៉ាង មិនមែនត្រឹមតែចៅហ្វាយដែលល្អ ហើយស្លូតប៉ុណ្ណោះទេ គឺទាំងចៅហ្វាយដែលកាចផង។