គម្ពីរសញ្ញាថ្មី

១ ពេត្រុស 2:10-22 Khmer Christian Bible (KCB)

10. កាល​ពីដើម​ អ្នក​រាល់គ្នា​មិន​មែន​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​ពីដើម​អ្នក​រាល់គ្នា​មិន​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​បាន​ទទួល​ហើយ។​

11. បងប្អូន​ជាទី​ស្រឡាញ់​អើយ​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ដែល​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់នៅ​បណ្ដោះអាសន្ន​ថា​ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ដែល​ទាស់​នឹង​ព្រលឹង​

12. ទាំង​មាន​កិរិយា​ល្អ​នៅក្នុង​ចំណោម​សាសន៍​ដទៃ​ចុះ​ ដើម្បី​ឲ្យគេ​សរសើរ​តម្កើង​ព្រះជាម្ចាស់​នៅ​ថ្ងៃ​ប្រោសលោះ​ ដោយ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់គ្នា​ ទោះបី​គេ​ធ្លាប់​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ទុក​ដូច​ជា​អ្នក​ប្រព្រឹត្ដ​អាក្រក់​ក៏​ដោយ។​

13. ដោយ​ព្រោះ​ព្រះអម្ចាស់​ ចូរ​ចុះ​ចូល‍​នឹង​អំណាច​ទាំង​អស់របស់​មនុស្ស​ មិន​ថា​ចំពោះស្ដេច​ដែល​មាន​អំណាច​ឧត្ដម​

14. ឬ​លោក​អភិបាល​ដែល​ស្ដេច​បាន​ចាត់​ឲ្យ​ដាក់​ទោស​ពួកអ្នក​ប្រព្រឹត្ដ​អាក្រក់​ និង​សរសើរ​ពួកអ្នក​ប្រព្រឹត្ដ​ល្អ​នោះ​ទេ​

15. ដ្បិត​ការ​បិទ​មាត់​មនុស្ស​ល្ងង់ខ្លៅ​ដោយ​ការ​ប្រព្រឹត្ដិ​ល្អ​ជា​បំណង​របស់​ព្រះជាម្ចាស់។​

16. ចូរ​ប្រព្រឹត្ដ​ឲ្យ​សម​ជា​មនុស្ស​មាន​សេរីភាព​ ប៉ុន្ដែ​មិន​ត្រូវ​ប្រើ​សេរីភាព​នោះ​បិទបាំង​សេចក្ដី​អាក្រក់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រព្រឹត្ដ​ឲ្យសម​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់។​

17. ចូរ​គោរព​មនុស្ស​ទាំង​អស់​ ចូរ​ស្រឡាញ់​គ្នា​ជា​បងប្អូន​ ចូរ​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​គោរព​ស្ដេច​ផង។​

18. ឱ​បាវ​បម្រើ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ចៅហ្វាយ​របស់​អ្នក​រាល់គ្នា​ដោយ​កោតខ្លាច​គ្រប់​បែប​យ៉ាង​ មិន​មែន​ត្រឹម​តែ​ចៅហ្វាយ​ដែល​ល្អ​ ហើយ​ស្លូត​ប៉ុណ្ណោះ​ទេ​ គឺ​ទាំង​ចៅហ្វាយ​ដែល​កាច​ផង។​

19. ដ្បិត​បើ​អ្នកណា​ម្នាក់​រងទុក្ខ​ដោយ​អយុត្តិធម៌​ ហើយ​ស៊ូទ្រាំ​ដោយ​ព្រោះ​ស្គាល់​បំណង​របស់​ព្រះជាម្ចាស់​ អ្នក​នោះ​បាន​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះអង្គ​ហើយ។​

20. បើ​អ្នក​រាល់គ្នា​ស៊ូទ្រាំ​ឲ្យ​គេ​វាយ​ ដោយ​ព្រោះ​បាន​ធ្វើ​បាប​ នោះ​តើ​មាន​កិត្ដិយស​អ្វី?​ ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ ដោយ​ព្រោះ​បាន​ប្រព្រឹត្ដ​ល្អ នោះ​ទើប​បាន​ជាទី​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះជាម្ចាស់។​

21. ដ្បិត​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​សម្រាប់​ការ​នេះ​ឯង​ ព្រោះ​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​សម្រាប់​អ្នក​រាល់គ្នាដែរ​ ដើម្បី​ទុក​គំរូ​ឲ្យ​អ្នក​រាល់គ្នា​ដើរ​តាម​លំអាន​របស់​ព្រះអង្គ​

22. ព្រះអង្គ​មិន​ដែល​ប្រព្រឹត្ដ​បាប​ ហើយ​ក៏​មិន​ដែល​ឃើញ​មាន​សេចក្ដី​បោក​ប្រាស់​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ។​

សូមអានជំពូកពេញលេញ ១ ពេត្រុស 2