គម្ពីរសញ្ញាថ្មី

១ ពេត្រុស 1:13-23 Khmer Christian Bible (KCB)

13. ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ប្រុងប្រៀប​ចិត្ដ​គំនិត​ជា​ស្រេច​ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​ ចូរ​មាន​សង្ឃឹម​ទាំង​ស្រុង​លើ​ព្រះគុណ​ដែល​នឹង​ប្រទាន​មក​អ្នក​រាល់គ្នា​ នៅពេល​ព្រះយេស៊ូ​គ្រិស្ដ​លេច​មក​

14. ចូរ​ធ្វើ​ដូច​ជា​កូន​ដែលស្ដាប់បង្គាប់​ គឺ​មិន​ត្រូវ​ធ្វើ​តាម​សេចក្ដីប៉ង​ប្រាថ្នា​ដែល​អ្នក​រាល់គ្នា​ធ្លាប់​មាន​កាល​ដែល​នៅ​ល្ងង់​ខ្លៅ​នោះ​ឡើយ​

15. ប៉ុន្ដែ​ចូរ​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ខាង‍ឯ​ការ​ប្រព្រឹត្ដិទាំង​អស់​ ដូច​ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ ព្រះអង្គ​បរិសុទ្ធ។​

16. ដ្បិត​មាន​សេចក្ដី​ចែង​ទុកថា៖​ «ចូរ​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ព្រោះ​យើង​បរិសុទ្ធ»។​

17. បើ​អ្នក​រាល់គ្នា​ហៅ​ព្រះអង្គ​ដែល​ជំនុំ​ជម្រះ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​ឥត​យល់​មុខ​អ្នកណា​ឡើយ​ថា​ព្រះវរបិតា​ នោះ​ចូរ​រស់នៅ​ដោយ​កោតខ្លាច​ព្រះអង្គ​ក្នុង​កាល​ដែល​អ្នក​រាល់គ្នា​ស្នាក់​នៅ​ក្នុង​ជីវិត​នេះ​ចុះ​

18. ទាំង​ដឹង​ថា​ អ្នក​រាល់គ្នា​បាន​ទទួល​ការ​លោះ​ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍​ដែល​បន្ដ​ពី​ដូនតា​របស់​អ្នក​រាល់គ្នា​នោះ​ មិន​មែន​ដោយ​របស់​ដែល​ត្រូវ​ពុករលួយ​ដូច​ជា​មាស​ ឬ​ប្រាក់​ឡើយ​

19. គឺ​បាន​លោះ​ដោយ​សារ​ឈាម​ដ៏​វិសេស​របស់​ព្រះគ្រិស្ដ​ ដែល​ជា​កូនចៀម​ដ៏​ល្អ​ឥតខ្ចោះ​ ឥត​ស្លាកស្នាម​

20. ដែល​បាន​ជ្រើសរើស​តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ​ ប៉ុន្ដែ​ទើប​តែនឹង​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​នៅ​គ្រា​ចុងក្រោយ​នេះ​សម្រាប់​អ្នក​រាល់គ្នា។​

21. តាមរយៈ​ព្រះអង្គ​ អ្នក​រាល់គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​អង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រមទាំង​ប្រទាន​សិរី​រុង​រឿង​ដល់​ព្រះអង្គ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជំនឿ​ និង​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់។​

22. អ្នក​រាល់គ្នា​បាន​ជម្រះ​ចិត្ដ​របស់​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ស្ដាប់បង្គាប់​តាម​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ដែល​ឥត​ពុតត្បុត​ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ខ្លាំង​ដោយ​ចិត្ដ​បរិសុទ្ធ​ចុះ​

23. ដ្បិត​អ្នក​រាល់គ្នា​បាន​កើត​ជា​ថ្មី​ មិន​មែន​ពី​ពូជ​ដែល​ពុករលួយ​ទេ​ ប៉ុន្ដែពី​ពូជ​ដែល​មិន​ពុករលួយ​ គឺ​ដោយ​សារ​ព្រះបន្ទូល​ដ៏​រស់​ និង​ដ៏​នៅ​ស្ថិតស្ថេរ​របស់​ព្រះជាម្ចាស់។​

សូមអានជំពូកពេញលេញ ១ ពេត្រុស 1