13. ដូច្នេះ ចូរឲ្យអ្នករាល់គ្នាប្រុងប្រៀបចិត្ដគំនិតជាស្រេច កុំភ្លេចខ្លួនឲ្យសោះ ចូរមានសង្ឃឹមទាំងស្រុងលើព្រះគុណដែលនឹងប្រទានមកអ្នករាល់គ្នា នៅពេលព្រះយេស៊ូគ្រិស្ដលេចមក
14. ចូរធ្វើដូចជាកូនដែលស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មានកាលដែលនៅល្ងង់ខ្លៅនោះឡើយ
15. ប៉ុន្ដែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធខាងឯការប្រព្រឹត្ដិទាំងអស់ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ព្រះអង្គបរិសុទ្ធ។
16. ដ្បិតមានសេចក្ដីចែងទុកថា៖ «ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ព្រោះយើងបរិសុទ្ធ»។
17. បើអ្នករាល់គ្នាហៅព្រះអង្គដែលជំនុំជម្រះម្នាក់ៗទៅតាមការប្រព្រឹត្ដិឥតយល់មុខអ្នកណាឡើយថាព្រះវរបិតា នោះចូររស់នៅដោយកោតខ្លាចព្រះអង្គក្នុងកាលដែលអ្នករាល់គ្នាស្នាក់នៅក្នុងជីវិតនេះចុះ
18. ទាំងដឹងថា អ្នករាល់គ្នាបានទទួលការលោះឲ្យរួចពីកិរិយាឥតប្រយោជន៍ដែលបន្ដពីដូនតារបស់អ្នករាល់គ្នានោះ មិនមែនដោយរបស់ដែលត្រូវពុករលួយដូចជាមាស ឬប្រាក់ឡើយ
19. គឺបានលោះដោយសារឈាមដ៏វិសេសរបស់ព្រះគ្រិស្ដ ដែលជាកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម
20. ដែលបានជ្រើសរើសតាំងពីមុនកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែទើបតែនឹងបង្ហាញខ្លួនឲ្យឃើញនៅគ្រាចុងក្រោយនេះសម្រាប់អ្នករាល់គ្នា។
21. តាមរយៈព្រះអង្គ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ ព្រមទាំងប្រទានសិរីរុងរឿងដល់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿ និងមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់។