1. ខ្ញុំពេត្រុស ជាសាវករបស់ព្រះយេស៊ូគ្រិស្ដ ជូនចំពោះពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ហើយដែលបានបែកខ្ញែកគ្នាទៅស្នាក់នៅបណ្ដោះអាសន្ននៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៉ីធូនា
2. ស្របតាមគោលបំណងរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែលបានកំណត់ទុក គឺជាពួកអ្នកដែលទទួលបានការញែកជាបរិសុទ្ធរបស់ព្រះវិញ្ញាណ ដើម្បីឲ្យស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ និងទទួលបានការប្រោះឈាមរបស់ព្រះអង្គ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
3. គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងដែលបានបង្កើតយើងជាថ្មី ស្របតាមសេចក្ដីមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដើម្បីឲ្យយើងបានចូលទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់តាមរយៈការរស់ពីការសោយទិវង្គតឡើងវិញរបស់ព្រះយេស៊ូគ្រិស្ដ
4. និងដើម្បីឲ្យយើងទទួលបានកេរ្ដិ៍មរតកដែលមិនពុករលួយ ឥតសៅហ្មង ហើយមិនស្រពោនឡើយ ជាកេរ្ដិ៍មរតកដែលព្រះជាម្ចាស់បម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា
5. គឺអ្នករាល់គ្នាដែលព្រះជាម្ចាស់កំពុងតែថែរក្សាដោយអំណាចរបស់ព្រះអង្គតាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះ ដែលបានរៀបចំជាស្រេចដើម្បីបើកសំដែងនៅគ្រាចុងក្រោយ។
6. ហេតុនេះហើយបានជាអ្នករាល់គ្នាមានចិត្ដរីករាយយ៉ាងខ្លាំង ទោះជាពេលនេះ អ្នករាល់គ្នាត្រូវរងទុក្ខលំបាកមួយរយៈពេលខ្លីដោយសារសេចក្ដីល្បួងផ្សេងៗក្ដី
7. ក៏ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាដែលវិសេសជាងមាសដែលតែងតែខូច ទោះបីបានសាកដោយសារភ្លើងក៏ដោយ ឃើញថាស្មោះត្រង់ និងបានទទួលការសរសើរ សិរីរុងរឿង និងកិត្ដិយសនៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដយាងមក។
8. អ្នករាល់គ្នាមិនបានឃើញព្រះអង្គទេ ប៉ុន្ដែស្រឡាញ់ព្រះអង្គ ហើយទោះបីពេលនេះ អ្នករាល់គ្នាមិនទាន់បានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាជឿព្រះអង្គ ទាំងមានអំណរដ៏រកថ្លែងពុំបាន និងអំណរដ៏រុងរឿង