1. ខ្ញុំពេត្រុស ជាសាវករបស់ព្រះយេស៊ូគ្រិស្ដ ជូនចំពោះពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ហើយដែលបានបែកខ្ញែកគ្នាទៅស្នាក់នៅបណ្ដោះអាសន្ននៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៉ីធូនា
2. ស្របតាមគោលបំណងរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែលបានកំណត់ទុក គឺជាពួកអ្នកដែលទទួលបានការញែកជាបរិសុទ្ធរបស់ព្រះវិញ្ញាណ ដើម្បីឲ្យស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ និងទទួលបានការប្រោះឈាមរបស់ព្រះអង្គ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
3. គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងដែលបានបង្កើតយើងជាថ្មី ស្របតាមសេចក្ដីមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដើម្បីឲ្យយើងបានចូលទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់តាមរយៈការរស់ពីការសោយទិវង្គតឡើងវិញរបស់ព្រះយេស៊ូគ្រិស្ដ
4. និងដើម្បីឲ្យយើងទទួលបានកេរ្ដិ៍មរតកដែលមិនពុករលួយ ឥតសៅហ្មង ហើយមិនស្រពោនឡើយ ជាកេរ្ដិ៍មរតកដែលព្រះជាម្ចាស់បម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា
5. គឺអ្នករាល់គ្នាដែលព្រះជាម្ចាស់កំពុងតែថែរក្សាដោយអំណាចរបស់ព្រះអង្គតាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះ ដែលបានរៀបចំជាស្រេចដើម្បីបើកសំដែងនៅគ្រាចុងក្រោយ។
6. ហេតុនេះហើយបានជាអ្នករាល់គ្នាមានចិត្ដរីករាយយ៉ាងខ្លាំង ទោះជាពេលនេះ អ្នករាល់គ្នាត្រូវរងទុក្ខលំបាកមួយរយៈពេលខ្លីដោយសារសេចក្ដីល្បួងផ្សេងៗក្ដី
7. ក៏ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាដែលវិសេសជាងមាសដែលតែងតែខូច ទោះបីបានសាកដោយសារភ្លើងក៏ដោយ ឃើញថាស្មោះត្រង់ និងបានទទួលការសរសើរ សិរីរុងរឿង និងកិត្ដិយសនៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដយាងមក។
8. អ្នករាល់គ្នាមិនបានឃើញព្រះអង្គទេ ប៉ុន្ដែស្រឡាញ់ព្រះអង្គ ហើយទោះបីពេលនេះ អ្នករាល់គ្នាមិនទាន់បានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាជឿព្រះអង្គ ទាំងមានអំណរដ៏រកថ្លែងពុំបាន និងអំណរដ៏រុងរឿង
9. ព្រោះអ្នករាល់គ្នាទទួលបានលទ្ឋផលនៃជំនឿរបស់អ្នករាល់គ្នា ដែលជាសេចក្ដីសង្គ្រោះដល់ព្រលឹងរបស់អ្នករាល់គ្នា។
10. ចំពោះសេចក្ដីសង្គ្រោះនោះ ពួកអ្នកនាំព្រះបន្ទូលដែលបានថ្លែងអំពីព្រះគុណសម្រាប់អ្នករាល់គ្នាបានខំស្វែងរក និងស្រាវជ្រាវ
11. ព្រមទាំងស្វែងយល់ឲ្យបានដឹងអំពីពេលវេលា ឬកាលៈទេសៈបែបណាដែលនឹងកើតឡើងសម្រាប់សេចក្ដីបន្ទាល់ដែលព្រះវិញ្ញាណរបស់ព្រះគ្រិស្ដគង់នៅក្នុងពួកគេប្រាប់ជាមុនយ៉ាងច្បាស់អំពីការរងទុក្ខរបស់ព្រះគ្រិស្ដ និងសិរីរុងរឿងដែលត្រូវមកតាមក្រោយ។
12. ពួកគេបានទទួលការបើកសំដែងអំពីសេចក្ដីទាំងនោះ មិនមែនសម្រាប់ពួកគេទេ គឺសម្រាប់បម្រើអ្នករាល់គ្នាវិញ ជាសេចក្ដីដែលពួកអ្នកប្រកាសដំណឹងល្អបានប្រកាសប្រាប់អ្នករាល់គ្នានៅពេលឥឡូវនេះដោយសារព្រះវិញ្ញាណបរិសុទ្ធដែលបានចាត់មកពីស្ថានសួគ៌ ហើយពួកទេវតាក៏ប្រាថ្នាចង់ឃើញសេចក្ដីទាំងនោះដែរ។
13. ដូច្នេះ ចូរឲ្យអ្នករាល់គ្នាប្រុងប្រៀបចិត្ដគំនិតជាស្រេច កុំភ្លេចខ្លួនឲ្យសោះ ចូរមានសង្ឃឹមទាំងស្រុងលើព្រះគុណដែលនឹងប្រទានមកអ្នករាល់គ្នា នៅពេលព្រះយេស៊ូគ្រិស្ដលេចមក
14. ចូរធ្វើដូចជាកូនដែលស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មានកាលដែលនៅល្ងង់ខ្លៅនោះឡើយ