9. រីឯពួកអ្នកដែលចង់ធ្វើជាអ្នកមាន គេធ្លាក់ចូលក្នុងសេចក្ដីល្បួង និងអន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើនដែលធ្វើឲ្យឈឺចាប់ សេចក្ដីទាំងនេះពន្លិចមនុស្សទៅក្នុងសេចក្ដីវិនាស និងសេចក្ដីអន្តរាយ។
10. ដ្បិតការស្រឡាញ់លុយជាឫសនៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយអ្នកខ្លះដោយលោភចង់បានលុយ ក៏ត្រូវវង្វេងចេញពីជំនឿ ហើយបានចាក់ទម្លុះខ្លួនដោយសេចក្ដីទុក្ខព្រួយជាច្រើនផង។
11. រីឯអ្នកវិញ ឱអ្នកសំណប់របស់ព្រះជាម្ចាស់អើយ! ចូរគេចចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពកោតខ្លាចព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីស្លូតបូតចុះ។
12. ចូរតយុទ្ធខាងជំនឿឲ្យបានល្អ ចូរឈោងចាប់ជីវិតអស់កល្បជានិច្ចដែលព្រះជាម្ចាស់បានត្រាស់ហៅអ្នកឲ្យមកទទួលចុះ ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅចំពោះមុខសាក្សីជាច្រើនដែរ។
13. នៅចំពោះព្រះជាម្ចាស់ដែលបានប្រទានជីវិតដល់អ្វីៗទាំងអស់ និងនៅចំពោះព្រះគ្រិស្ដយេស៊ូដែលបានធ្វើបន្ទាល់ដោយសេចក្ដីប្រកាសដ៏ល្អនៅចំពោះមុខលោកប៉ុនទាសពីឡាត់ ខ្ញុំបង្គាប់អ្នកថា
14. ចូរកាន់តាមបញ្ញត្ដិឲ្យបានល្អឥតខ្ចោះ ឥតបន្ទោសបានរហូតដល់ពេលព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងយាងមក
15. ដែលព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញនៅពេលកំណត់។ ព្រះជាម្ចាស់ជាព្រះដ៏មានពរ ហើយជាព្រះតែមួយគត់មានសិទ្ធិអំណាចធំ ជាស្ដេចលើអស់ទាំងស្ដេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
16. ជាព្រះតែមួយគត់ដែលមិនសោយទិវង្គត ព្រះអង្គគង់នៅក្នុងពន្លឺ ដែលមិនអាចចូលទៅជិតបានឡើយ ហើយជាព្រះដែលគ្មានមនុស្សណាម្នាក់បានឃើញ ឬអាចមើលឃើញបានដែរ សូមឲ្យព្រះអង្គបានប្រកបដោយព្រះកិត្ដិយស និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។
17. ចូរបង្គាប់ពួកអ្នកមាននៅក្នុងពិភពលោកនេះ កុំឲ្យមានឫកខ្ពស់ ឬទុកចិត្ដទ្រព្យសម្បត្ដិដែលមិនទៀងទាត់ឡើយ ផ្ទុយទៅវិញ ត្រូវទុកចិត្ដព្រះជាម្ចាស់ដែលប្រទានអ្វីៗទាំងអស់យ៉ាងបរិបូរដល់យើងដើម្បីឲ្យយើងមានអំណរ
18. ចូរឲ្យពួកគេប្រព្រឹត្ដល្អ ធ្វើជាអ្នកមានខាងការល្អ មានចិត្ដសប្បុរស ហើយមានចិត្ដចែករំលែកផង
19. ឲ្យពួកគេសន្សំទ្រព្យដែលជាគ្រឹះដ៏ល្អទុកសម្រាប់ខ្លួននាពេលអនាគត ដើម្បីឈោងចាប់ជីវិតដ៏ពិតប្រាកដ។
20. ឱ ធីម៉ូថេអើយ! ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ចូរចៀសចេញពីពាក្យសំដីខាងលោកិយដែលគ្មានខ្លឹមសារ ព្រមទាំងពាក្យសំដីជំទាស់ដែលគេច្រឡំថាជាចំណេះដឹង
21. ទាំងមានអ្នកខ្លះប្រកាសអំពីចំណេះបែបនេះ ហើយវង្វេងចេញពីជំនឿ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។