គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 6:4-12 Khmer Christian Bible (KCB)

4. អ្នក​នោះ​កើត​មាន​ចិត្ដ​ធំ​ហើយ​ គេ​មិន​យល់​អ្វី​ទាំង​អស់​ គឺ​វក់​តែ​នឹង​ការ​សួរ​ដេញ​ដោល​គ្នា​ ហើយ​ប្រកែក​គ្នា​អំពី​ពាក្យ​ដែល​នាំ​ឲ្យ​មាន​ការ​ឈ្នានីស​ ការ​បាក់​បែក​ ការ​ជេរ​ប្រមាថ​ ការ​សង្ស័យ​ដ៏​អាក្រក់​

5. និង​ការ​ឈ្លោះ​ប្រកែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​មនុស្ស​ដែល​មាន​គំនិត​ស្អុយ​រលួយ​ ហើយ​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ ព្រោះ​ពួកគេ​ស្មាន​ថា​ ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ជា​មធ្យោបាយ​នាំ​ឲ្យ​បាន​កម្រៃ​

6. ប៉ុន្ដែ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្កប់ស្កល់​ នោះ​ជា​កម្រៃ​មួយ​ធំ​បំផុត។​

7. ដ្បិត​យើង​មិន​បាន​យក​អ្វី​ចូល​មក​ក្នុង​ពិភព​លោក​នេះ​ទេ​ ហើយ​ក៏​មិន​អាច​យក​អ្វី​ចេញ​ពី​ពិភព​លោក​នេះ​បាន​ដែរ​

8. ដូច្នេះ​បើ​យើង​មាន​អាហារ​ និង​សម្លៀក​បំពាក់​ នោះ​យើង​ស្កប់​ចិត្ត​ហើយ។​

9. រីឯ​ពួកអ្នក​ដែល​ចង់​ធ្វើ​ជា​អ្នកមាន​ គេ​ធ្លាក់​ចូល​ក្នុង​សេចក្ដី​ល្បួង​ និង​អន្ទាក់​ ព្រមទាំង​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ល្ងង់​ខ្លៅ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​ សេចក្ដី​ទាំង​នេះ​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​វិនាស​ និង​សេចក្ដី​អន្តរាយ‍។​

10. ដ្បិត​ការ​ស្រឡាញ់​លុយ​ជា​ឫស​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង​ ហើយ​អ្នក​ខ្លះ​ដោយ​លោភ​ចង់​បាន​លុយ​ ក៏​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ​ ហើយ​បាន​ចាក់​ទម្លុះ​ខ្លួន​ដោយ​សេចក្ដី​ទុក្ខព្រួយ​ជា​ច្រើន​ផង។​

11. រីឯ​អ្នក​វិញ​ ឱ​អ្នក​សំណប់​របស់​ព្រះជាម្ចាស់​អើយ!​ ចូរ​គេច​ចេញ​ពី​សេចក្ដី​ទាំង​នេះ​ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត​ ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ជំនឿ​ សេចក្ដី​ស្រឡាញ់​ សេចក្ដី​អត់ធ្មត់​ និង​សេចក្ដី​ស្លូតបូត​ចុះ។​

12. ចូរ​តយុទ្ធ​ខាង​ជំនឿ​ឲ្យ​បាន​ល្អ​ ចូរ​ឈោង​ចាប់​ជីវិត​អស់កល្ប​ជានិច្ច​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​មក​ទទួល​ចុះ​ ហើយ​អ្នក​ក៏​បាន​ប្រកាស​យ៉ាង​ល្អ​នៅ​ចំពោះ​មុខ​សាក្សី​ជា​ច្រើន​ដែរ។​

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 6