គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 5:3-14 Khmer Christian Bible (KCB)

3. ចូរ​គោរព​ស្រ្ដី​មេម៉ាយ​ដែល​ពិត​ជា​ស្រ្ដី​មេម៉ាយ​មែន។​

4. ប៉ុន្ដែ​បើ​ស្រ្ដី​មេម៉ាយ​ណា​មាន​កូន​មាន​ចៅ​ ចូរ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បង្ហាញ​ភាព​កតញ្ញូ​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​មុន​សិន​ ព្រមទាំង​សង​គុណ​ដល់​ឪពុក​ម្ដាយ​ ដ្បិត​ធ្វើ​ដូច្នេះ​ ទើប​សព្វ​ព្រះហឫទ័យ​ព្រះជាម្ចាស់។​

5. រីឯ​ស្រ្ដី​មេម៉ាយ​ពិត​ប្រាកដ​ ហើយ​រស់នៅ​ឯកោ​ ស្រ្ដី​នោះ​នឹង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ ទាំង​ព្យាយាម​ទូល​អង្វរ​ ហើយ​អធិស្ឋាន​ទាំង​យប់​ ទាំង​ថ្ងៃ​

6. ប៉ុន្ដែ​ស្រ្ដី​មេម៉ាយ​ណា​ដែល​រស់នៅ​ក្នុង​សេចក្ដី​ស្រើប​ស្រាល​ ទោះបី​នៅ​រស់​ក៏​ដោយ​ ក៏​ឈ្មោះ​ថា​ស្លាប់​ហើយ​ដែរ។​

7. ចូរ​ទូន្មាន​ពួកគេ​អំពី​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​ពួកគេ​ឥត​បន្ទោស​បាន​

8. ប៉ុន្ដែ​បើ​អ្នកណា​មិន​ផ្គត់ផ្គង់​សាច់​ញាតិ​របស់​ខ្លួន​ ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន​ នោះ​ឈ្មោះ​ថា​បាន​បោះបង់​ចោល​ជំនឿ​ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។​

9. ស្រ្ដី​មេម៉ាយ​ដែល​ត្រូវ​រាប់​ចូល​ក្នុង​បញ្ជី​ ត្រូវ​មាន​អាយុ​ចាប់​ពី​ហុកសិប​ឆ្នាំ​ឡើង​ទៅ​ និង​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ​

10. ហើយ​គាត់​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ដោយ​ព្រោះ​អំពើ​ល្អ​ទាំងឡាយ​ គឺ​បាន​ចិញ្ចឹម​កូន​ បាន​ទទួល​អ្នក​ដទៃ​ដោយ​រាក់ទាក់​ បាន​លាង​ជើង​ឲ្យ​ពួក​បរិសុទ្ធ​ បាន​ជួយ​អ្នក​រងទុក្ខ​លំបាក​ និង​បាន​ខំ​ប្រព្រឹត្ដ​ល្អ​គ្រប់​បែប​យ៉ាង។​

11. រីឯ​ស្រ្ដី​មេម៉ាយ​ក្មេងៗ​វិញ​ មិន​ត្រូវ​ចុះ​ក្នុង​បញ្ជី​ឡើយ​ ដ្បិត​នៅ​ពេល​ពួក​នាង​ឃ្លាត​ចេញ​ពី​ព្រះគ្រិស្ដ​ដោយ​មាន​ចិត្ដ​ស្រើប​ស្រាល​ ពួក​នាង​ចង់​រៀបការ​ទៀត​

12. ហើយ​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស​ ដោយ​ព្រោះ​បំពាន​សេចក្ដី​ដែល​ខ្លួន​បាន​សច្ចា​ពី​មុន។​

13. ម្យ៉ាង​ទៀត​ ពួក​នាង​ចេះ​តែ​ដើរ​ចុះ​ឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ មិន​ធ្វើ​ការ​អ្វី​ទេ​ ហើយ​មិន​គ្រាន់តែ​មិន​ធ្វើ​ការ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​និយាយ​បេះបួយ​ និង​ជ្រៀតជ្រែក​កិច្ចការ​អ្នក​ដទៃ​ ព្រមទាំង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​គួរ​និយាយ​ទៀត​ផង។​

14. ដូច្នេះ​ ខ្ញុំ​ចង់​ឲ្យ​ស្រ្ដី​មេម៉ាយ​ក្មេងៗ​រៀបការ​ បង្កើត​កូន​ និង​គ្រប់គ្រង​ផ្ទះសំបែង​ទៅ​ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​និយាយ​បង្ខូច​បាន​ឡើយ។​

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 5